FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ដាស់តឿនស្មារតីដល់ប្រជានេសាទ៖ «កុំប្រមូលផលតែមួយថ្ងៃ ដោយបំផ្លាញអនាគតកូនចៅជំនាន់ក្រោយ» (Video inside)

18-10-2026 19:40

(ពោធិ៍សាត់)៖ ក្នុងស្មារតីរំលឹកដាស់តឿនឱ្យប្រជាពលរដ្ឋចេះគិតគូរអំពីផលប្រយោជន៍វែងឆ្ងាយសម្រាប់អនាគត និងរួមគ្នារក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ចេញសារអប់រំប្រកបស្មារតីយ៉ាងមានអត្ថន័យជ្រាលជ្រៅបំផុតទៅកាន់បងប្អូនប្រជានេសាទទាំងអស់ថា «កុំប្រមូលផលតែមួយថ្ងៃ ដោយបំផ្លាញអនាគតកូនចៅជំនាន់ក្រោយ»។

ការផ្ញើសារអប់រំដ៏មានទម្ងន់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញដឹកនាំប្រតិភូអមដំណើរ ចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពទិន្នផលត្រី របស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាឱកាសដើមរដូវបើកនេសាទឆ្នាំ២០២៦-២០២៧។

ឱកាសនោះ លោកអភិបាលខេត្ត បានគូសរំលេចដោយក្តីកង្វល់យ៉ាងខ្លាំង អំពីផលវិបាកធ្ងន់ធ្ងរដែលកើតចេញពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬការលោភលន់ពង្រីកប្រវែង និងទំហំឧបករណ៍នេសាទឱ្យកាន់តែធំ និងវែងហួសបរិមាណកំណត់។

លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការប្រមូលផលបែបបំផ្លិចបំផ្លាញ និងរំលោភលើច្បាប់ជលផល ដែលមិនត្រឹមតែបំផ្លាញពូជមច្ឆាជាតិតូចធំរហូតដល់ឫសគល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដើមហេតុធ្វើឱ្យវដ្តជីវិតធម្មជាតិ នៃមច្ឆាជាតិ ក្នុងបឹងទន្លេសាបត្រូវវិនាសសូន្យផងដែរ។

លោក ខូយ រីដា បានកត់សម្គាល់ និងដាស់តឿនស្មារតីថា ការទាញយកផលប្រយោជន៍ដោយគិតតែពីភាពងាយស្រួល ឬប្រមូលផលឱ្យបានច្រើនត្រឹមតែ «មួយថ្ងៃៗ» ដោយមិនខ្វល់ពីវិធីសាស្ត្របំផ្លិចបំផ្លាញនោះ គឺជាការគិតគូរខ្លីខ្លាំងណាស់។ ទង្វើបែបនេះ នឹងប្រែក្លាយជាការបំផ្លាញវាសនាខ្លួនឯង និងបង្អត់ឱកាសកូនចៅជំនាន់ក្រោយ មិនឱ្យបានស្គាល់ បានឃើញ ឬបានទាញយកផលប្រយោជន៍ពីធនធានធម្មជាតិដ៏សម្បូរបែបដែលដូនតាយើងបានបន្សល់ទុកឱ្យនោះឡើយ។

ទន្ទឹមនឹងការអប់រំ និងដាស់តឿនស្មារតី លោកអភិបាលខេត្ត ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមេបញ្ជាការកងទ័ពជើងគោក នៃយោធភូមិភាគទី៥ ដែលតែងតែផ្តល់កិច្ចសហការ និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដាច់ខាត ក្នុងការការពារ និងចុះបោសសម្អាតបទល្មើសជលផលក្នុងដែនទឹកបឹងទន្លេសាបនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់ថា វិធានការច្បាប់ និងការចុះល្បាតរបស់កងកម្លាំងចម្រុះ មិនមែនធ្វើឡើងដើម្បីរារាំងការប្រកបរបរចិញ្ចឹមជីវិតដោយទុចរិតរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាកិច្ចការពារទ្រព្យសម្បត្តិរួមរបស់ជាតិ និងទប់ស្កាត់ក្រុមជនឱកាសនិយមមួយក្តាប់តូច ដែលដកហូតផលប្រយោជន៍រួមធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងនាមរដ្ឋបាលខេត្ត លោក ខូយ រីដា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជានេសាទទាំងអស់ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ នឹងផ្លាស់ប្តូរទម្លាប់ចាស់ និងផ្លាស់ប្តូរការគិត ដោយងាកមកចូលរួមសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញយ៉ាងសកម្ម។

លោកអភិបាលខេត្តបានបែងចែកយ៉ាងច្បាស់ថា មានតែស្មារតីភ្ញាក់រលឹក និងការយោគយល់អធ្យាស្រ័យគ្នា បូករួមនឹងការអនុវត្តវិធានការច្បាប់យ៉ាងស្មើភាពប៉ុណ្ណោះ ទើបអាចធានាបានថា ធនធានមច្ឆាជាតិក្នុងបឹងទន្លេសាបនឹងត្រូវបានរក្សាការពារយ៉ាងគង់វង្ស និងបន្តបង្កើតជាប្រភពចំណូល និងអាហារូបត្ថម្ភទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយនិរន្តរភាពតរៀងទៅ៕