កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងជ្រើសរើសយោធិនថ្មីចំនួន ១០០នាក់
18-10-2026 18:51
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំការប្រឡងជ្រើសរើសយោធិនថ្មី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ការប្រកាសជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថនេះ គឺដើម្បីបំពេញក្របខ័ណ្ឌចំនួន ១០០នាក់ និងបម្រុងចំនួន ០៦នាក់ សម្រាប់បម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ។
ចំពោះលក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស រួមមាន៖ សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ មានអាយុពី ១៨ ដល់ ២៥ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ ភក្ដីភាពចំពោះជាតិ និងគ្មានជាប់ពិរុទ្ធ។
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬសមមូល និងមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ។
លើសពីនេះ បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងប្រឡងសមត្ថភាពលើមុខវិជ្ជា សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការត្រួតពិនិត្យសុខភាពយ៉ាងល្អិតល្អន់។
គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានបេក្ខជនចំនួន ៧០៨នាក់បានមកសុំពាក្យ ហើយក្នុងនោះ ៥២៩នាក់បានគ្រប់លក្ខខណ្ឌបឋមដើម្បីទទួលពាក្យ។ ការដាក់ពាក្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានបេក្ខជនចំនួន ៤៦៣នាក់បានដាក់ពាក្យពេញលេញ។








































