សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ

18-10-2026 16:35

(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ​លោក វ៉ាន សាកូលីន ជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូឆ្លងទ្វីបពី​កម្ពុជា​ទៅ​កាន់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ចូលជួបសំណេះសំណាលនៅទីក្រុងអ៊ីស្ត្រង់ប៊ុល។

សម្តេចមហាបវរធិបតីបានសម្តែងក្តីរីករាយចំពោះការជួបគ្នាដោយចៃដន្យនេះ ខណៈសម្តេច និងលោក វ៉ាន សាកូលីន បានទៅដល់ទីក្រុងអ៊ីស្ត្រង់ប៊ុលក្នុងពេលដំណាលគ្នា។ ក្នុងជំនួប​នោះ សម្តេចមហាបវរធិបតីបានកោតសរសើរចំពោះស្មារតីតស៊ូ និងមហិច្ឆតារបស់លោក វ៉ាន សាកូលីន ក្នុងការធ្វើដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវពាក្យជូនពរដល់លោក វ៉ាន សាកូលីន ឱ្យធ្វើដំណើរបន្តដោយសុវត្ថិភាព និងសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ។

តាមរយៈជំនួបនេះបានឆ្លុះបញ្ចាំងពីកាយវិការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះពលរដ្ឋខ្មែរគ្រប់រូប មិនថានៅទីណានោះទេ។

លោក វ៉ាន សាកូលីន កំពុងបំពេញបេសកកម្មជិះម៉ូតូឆ្លងកាត់ ១៥ប្រទេស លើចម្ងាយផ្លូវ ២៥ ០០០គីឡូម៉ែត្រ។ តួកគីយ៉េ ជាប្រទេសទី៧ ដែលលោកបានទៅដល់ ហើយគោលដៅរបស់លោក គឺឆ្ពោះទៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី៕