បោះឆ្នោតស្ទាបស្ទង់បេក្ខជនក្រុមប្រឹក្សាឃុំព្រែកថ្មី ស្រុកកោះធំ អាណត្តិទី៦ ឆ្នាំ២០២៧ ប្រព្រឹត្តទៅដោយតម្លាភាព ជាមួយបេក្ខភាពឈរឈ្មោះ២៧រូប
18-10-2026 16:19
(កណ្ដាល)៖ នាថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២៧ នេះ មានការរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ (បោះឆ្នោតផ្ទៃក្នុង) ដើម្បីវាយតម្លៃ និងចម្រាញ់យកបេក្ខជនក្រុមប្រឹក្សាឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ព្រឹត្តិការណ៍ស្ទាបស្ទង់មតិនេះ មានការចូលរួមពីបេក្ខជនឈរឈ្មោះសរុបចំនួន២៧រូប ដែលបានត្រៀមខ្លួនប្រកួតប្រជែងក្លាយជាតំណាងពលរដ្ឋនៅថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាព លោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ថ្នាក់ជាតិចុះជួយស្រុកកោះធំ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកថ្មី និងក្រុមការងារ បានត្រួតពិនិត្យមើលការបោះឆ្នោតស្ទាបស្ទង់មតិនេះ។
លោក ចៅ តុល បានថ្លែងថា ដំណើរការនៃការបោះឆ្នោតស្ទាបស្ទង់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីវាស់ស្ទង់កម្រិតនៃការគាំទ្រ ប្រជាប្រិយភាព និងសមត្ថភាពរបស់បេក្ខជននីមួយៗ ពីសំណាក់សមាជិក សមាជិកា និងថ្នាក់ដឹកនាំមូលដ្ឋាន មុននឹងឈានដល់ការសម្រេចរៀបចំបញ្ជីឈ្មោះផ្លូវការតាមលំដាប់លេខរៀង។
លោកបន្តថា ការរៀបចំយន្តការនេះ ជាជំហានដ៏ចាំបាច់មួយក្នុងការធានាថា បេក្ខជនដែលនឹងត្រូវជ្រើសរើសតំណាងឱ្យឃុំព្រែកថ្មី គឺជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការទុកចិត្តខ្ពស់ និងមានឆន្ទៈពិតប្រាកដក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោកបន្តទៀតថា ផ្អែកតាមការរៀបចំជាក់ស្តែង ដំណើរការបោះឆ្នោតត្រូវបានអនុវត្តប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ ដោយមានការរៀបចំហិបឆ្នោត បន្ទប់គូសសន្លឹកឆ្នោតសម្ងាត់ និងការរាប់សន្លឹកឆ្នោតជាចំហរ នៅចំពោះមុខអ្នកចូលរួម និងភាគីពាក់ព័ន្ធទាំងអស់។ បេក្ខភាពទាំង២៧រូប សុទ្ធតែបានបង្ហាញពីការប្តេជ្ញាចិត្តរៀងៗខ្លួន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងការលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តសង្កាត់រកាខ្ពស់។
សូមជម្រាបថា ចំនួនប្រជាពលរដ្ឋ និងក្រុមការងារគណៈកម្មាធិការមានចំនួន១,២២៣ សន្លឹកឆ្នោត ខណៈដែលលទ្ធផលដែលទទួលបានពីការបោះឆ្នោតស្ទាបស្ទង់នាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វាយតម្លៃកម្រិតសម្លេងគាំទ្រផ្ទៃក្នុង និងជាទិន្នន័យសម្រាប់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានធ្វើការសម្រេចចិត្តចុងក្រោយ។
ការរៀបចំយន្តការប្រជាធិបតេយ្យផ្ទៃក្នុង តាំងពីដំណាក់កាលដំបូងនេះ បង្ហាញពីការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរ និងហ្មត់ចត់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់នាពេលខាងមុខ៕


































