កូនចៅចិនត្រកូលលឹម រាប់រយនាក់ មកពីជុំវិញពិភពលោក ជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកគុណបុព្វបុរសដូនតា
18-10-2026 14:43
(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសាច់ញាតិត្រកូលលឹម មកពីជុំវិញពិភពលោក និង សមាគមត្រកូលលឹម នៅកម្ពុជា ជាង៦០០នាក់ បានជួបជុំគ្នានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរៀបចំប្រារព្ធពិធីរំលឹកគុណបុព្វបុរសដូនតា ដែលបង្ហាញពីការដឹងគុណ ឧទ្ទិសកុសលដល់ដូនតា និងការថែរក្សាអត្តសញ្ញាណរបស់ត្រកួលលឹម។
នៅថ្ងៃនោះក៏មានការរៀបចំថតរូបមហាគ្រួសារត្រកូលលឹមជុំវិញពិភពលោកផងដែរ ហើយគណៈប្រតិភូសាច់ញាតិត្រកូលលឹមមកពីជុំវិញពិភពលោកក៏បានទៅទស្សនាអគារទីស្នាក់ការរបស់សមាគមត្រកូលលឹម នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការបន្តប្រពៃណីវប្បធម៌ត្រកូលលឹមនៅកម្ពុជា។
បន្ទាប់មក សាច់ញាតិទាំងអស់បានអញ្ជើញទៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ទីក្រុងផ្កាយរណបជ្រោយជ្រែ ដែលជាកន្លែងរៀបចំប្រារព្ធពិធីរំលឹកគុណបុព្វបុរសដូនតា។ ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់បុរាណ សាច់ញាតិទាំងអស់ បានរំលឹកដល់ដូនតាដោយចិត្តគោរពស្មោះស និងបួងសួងសុំពរជ័យ ដែលបានបង្ហាញពីគុណធម៌រំលឹកគុណដើមកំណើត និងបានពង្រឹងបន្ថែមទៀតនូវចំណងឈាមសាច់សាលោហិតដ៏ស្និទ្ធស្នាលរបស់សាច់ញាតិទូទាំងពិភពលោក។
រសៀលថ្ងៃដដែរ សាច់ញាតិត្រកូលលឹមទាំងអស់ បានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី១២ របស់គណៈកម្មការគ្រប់គ្រង និងគណៈកម្មការត្រួតពិនិត្យត្រកូលលឹមពិភពលោក ព្រមទាំងសន្និសីទតំណាងសមាជិកលើកទី៣ អាណត្តិទី១២ របស់ត្រកូលលឹមពិភពលោកជាបន្តបន្ទាប់។
នៅពេលយប់ក៏មានការរៀបចំពិធីលៀងសាយភោជន៍ជូនដំណើរដល់គណៈប្រតិភូសាច់ញាតិត្រកូលលឹម មកពីជុំវិញពិភពលោក ដែលនេះបញ្ជាក់ថា សន្និសីទរយៈពេលពីរថ្ងៃ ដែលបានប្រារព្ធឡើងនាថ្ងៃទី ១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនោះ ទទួលបានជោគជ័យ៕





