ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ទទួលជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារអាមេរិកពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
18-10-2026 14:40
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក Min Byong Jang ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្របសម្រួលដោយ លោក សុខ សំណាង ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌លើកទី២៥ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ជំនួយមនុស្សធម៌លើកទី២៥ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថចម្រុះចំនួន ៣៥មុខ ថ្នាំបាញ់សម្លាប់សត្វល្អិត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់សរុបចំនួន ១,២៧០,២៨៣ដុល្លារអាមេរិក។
ជំនួយមនុស្សធម៌នេះត្រូវបានផ្ដល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា គណៈកម្មការទី១០នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីការប្រគល់-ទទួលជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាមេរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមានចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ, ឯកឧត្តម ម៉ម ប៊ុននាង និងលោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកបន្ថែមទំហំជំនួយមនុស្សធម៌ដល់ ៥០លានដុល្លារអាមេរិក។ នៅខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុស្សរណៈជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌ឡើងដល់ ៦៥លានដុល្លារអាមេរិក។
សូមគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព, មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមាន៖ ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៥លើករួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៧,៣៧៨,៣៤៩.២៧ដុល្លារអាមេរិក។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភាគ្រប់គ្រង និងបែងចែកទៅតាមបណ្ដារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែប្រសើរឡើងស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ៕














