FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-កាហ្សាក់ស្ថាន ចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

18-10-2026 14:33

(អាស្តាណា)៖ នាឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយលោក Erbol Myrzabosynov រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

ការចុះអនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផ្លាស់ប្តូរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងកាហ្សាក់ស្ថាន នឹងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យទេសចរណ៍ ព្រមទាំងរួមគ្នាផ្សព្វផ្សាយសក្តានុពល និងគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕