FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ

18-10-2026 14:09

(កាហ្សាក់ស្ថាន)៖ ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines របស់កាហ្សាក់ស្ថាន សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel គ្រោងចាប់ផ្តើមជើងហោះហើរត្រង់ និងទៀងទាត់ពីកាហ្សាក់ស្ថានមកកម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។

នាឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Vladimir Andreevich Sytnik តំណាងក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនធំមួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជា។

ក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីចាប់ផ្តើមជើងហោះហើរត្រង់ និងទៀងទាត់ឡើងវិញ ដោយសហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ក្នុងការនាំភ្ញៀវទេសចរពីកាហ្សាក់ស្ថានមកទស្សនាកម្ពុជា ព្រមទាំងចូលរួមជំរុញកំណើនភ្ញៀវទេសចរ និងការធ្វើដំណើររវាងប្រទេសទាំងពីរ៕