មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
18-10-2026 12:44
(អាស្តាណា, កាហ្សាក់ស្ថាន)៖ លោកស្រី Daubayeva Nurgul សហស្ថាបនិក និងជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production បានចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា។
លោកស្រី Daubayeva Nurgul លើកឡើងបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន។
ក្នុងជំនួបនេះ លោកស្រីសហស្ថាបនិកក្រុមហ៊ុន បានគោរពជម្រាបសម្ដេចមហាបវរធិបតី អំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។
លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថា នឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគតដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។
សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញអំពីភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស ខ្សែភាពយន្តដែលបានផលិតនៅកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្វែងយល់របស់ប្រជាជនកាហ្សាក់ស្ថានអំពីកម្ពុជាបន្ថែមទៀត ព្រមទាំងជួយទាក់ទាញទេសចរកាហ្សាក់ស្ថាន និងទេសចរសាសន៍ដទៃទៀតមកទស្សនាកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន Daubay Film Production និងប្រជាជនកាហ្សាក់ស្ថាន ហើយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ នឹងបន្តសម្របសម្រួល គាំទ្រ និងផ្ដល់ភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ដំណើរទេសចរណ៍ និងធុរកិច្ចនានារបស់ជនជាតិកាហ្សាក់ស្ថាននៅកម្ពុជា។
សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Daubay Film Production ដែលបានមកផលិតភាពយន្ត និងជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈខ្សែភាពយន្ត ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនាពេលខាងមុខ។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រសួងស្ថាប័នកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួលនានា។
សូមបញ្ជាក់ថា Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។
ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់តែងសាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែកចាយស្នាដៃ។ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែលមានចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥៕









