អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ណែនាំសមាជិកបក្សថ្នាក់មូលដ្ឋានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អបន្ថែមទៀត
18-10-2026 11:05
(តាកែវ)៖ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសាររបស់គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ស៊ូ ភិរិន្ទ បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុនក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាននិងធ្វើយ៉ាងណាឱ្យមានភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ និងមន្ត្រីគណបក្ស។
ថ្លែងនៅក្នុងឱកាសអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តអគារសាលប្រជុំការិយាល័យគណបក្សថ្មីស្រុកបូរីជលសារ និងផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងប្រកាសកែសម្រួលសមាសភាពក្រុមការងារបក្សចុះមូលដ្ឋានស្រុក-ឃុំនិងភូមិ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានបន្តថា ដោយសារតែប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ទើបប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាគាំទ្រភ្លូកទឹកភ្លូកដីពីមួយអាណត្តិទៅមួយអាណត្តិ។
លោកបណ្ឌិត ស៊ូ ភារិន្ទ បានថ្លែងបន្តថា ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យអស់ពីសមត្ថភាព តាមរយៈការបម្រើសេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាក និងសេចក្ដីត្រូវការផ្សេងៗ ដើម្បីឈានឆ្ពោះទៅការឈ្នះឆ្នោត ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ៕











