FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ បង្ក្រាបទីតាំងលួចលាក់សន្និធិឈើខុសច្បាប់ជាង ៤ ម៉ែត្រត្រីគុណ នៅស្រុកសំបូរ ខេត្តក្រចេះ

18-10-2026 11:01

​(ខេត្តក្រចេះ)៖ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាប និងរឹបអូសឈើខុសច្បាប់ដែលត្រូវបានលួចលាក់ទុកជាសន្និធិ មានបរិមាណសរុបជាង ៤ ម៉ែត្រត្រីគុណ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

​លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ កាលពីវេលាម៉ោង ៥:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សបានប្រទះឃើញទីតាំងលួចលាក់សន្និធិឈើខុសច្បាប់មួយកន្លែង នៅត្រង់ចំណុចអន្លង់ប៉ូន ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (និយាមកា X: 585475, Y: 1431321)។

​ក្រោយការត្រួតពិនិត្យ និងវាស់វែងជាក់ស្តែង វត្ថុតាងដែលដកហូតបានរួមមានឈើប្រណិត និងឈើលេខ២ (ប្រភេទពពេល និងស្រឡៅ) សរុបចំនួន ៤,១៣ ម៉ែត្រត្រីគុណ ក្នុងនោះ​មានឈើគ្រឿង (ពពេល និងស្រឡៅ)ចំនួន ៣១ កន្ទុយ (ប្រវែង ៧ ម៉ែត្រ) ស្មើនឹង ១,៦២ ម៉ែត្រត្រីគុណ
​ឈើក្តារចំនួន ១៥៧សន្លឹក ស្មើនឹង ២,៥១ ម៉ែត្រត្រីគុណ

​បច្ចុប្បន្ន វត្ថុតាងឈើទាំងអស់ត្រូវបានក្រុមការងារប្រើប្រាស់មធ្យោបាយគោយន្តកន្ត្រៃ ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការរង «អូរគ្រួត» ដើម្បីបន្តនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកជនល្មើស មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន៕