FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ប្រទេសទាំង៣ បានគាំទ្រពេញទំហឹងនូវគោលការណ៍កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ (Video inside)

18-10-2026 08:20

(ភ្នំពេញ)៖ បណ្ដាប្រទេសជាមិត្តដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ច នាពេលថ្មីៗនេះ (រួមមាន អាស៊ែបៃហ្សង់ តួកគីយេ និងកាហ្សាក់ស្ថាន) បានបង្ហាញការគាំទ្រពេញទំហឹងចំពោះគោលការណ៍ជាក់លាក់របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងប្រឆាំងដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំង។

នេះជាការគូសបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ហ្សង់ ហ្វ្រង់ស័រ តាន បានឱ្យដឹងថា នៅក្នុងរាល់ជំនួបពិភាក្សាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬឥស្សរជនជាន់ខ្ពស់បរទេស ទាំងក្នុងប្រទេស និងក្រៅប្រទេស សម្ដេចធិបតីតែងតែលើកឡើង និងលាតត្រដាងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោលដៅធំ គឺដើម្បីឱ្យអន្តរជាតិយល់ច្បាស់ពីជំហរ និងគោលការណ៍របស់កម្ពុជា ហើយជាទូទៅ ដៃគូបរទេសទាំងអស់សុទ្ធតែបានយល់ស្រប និងគាំទ្រជំហរនេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងក្បោះក្បាយអំពីគោលការណ៍ស្នូលទាំងនោះថា៖ «គោលការណ៍ទាំងនោះ គឺអ្វី? ខ្ញុំលើកឡើងវិញ ប្រឆាំងដាច់ខាតនឹងការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំង អាហ្នឹងគេប្រឆាំង ដោយការបង្កើតស្ថានភាព Fait Accompli ដូចគ្នានឹងគេប្រឆាំងហើយគេគាំទ្រគោលការណ៍របស់កម្ពុជា ហើយគោលការណ៍នោះទៀតសោត គឺប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃ បានចុះហត្ថលេខាជាមួយគ្នា ជារួមបណ្ដាប្រទេសដែលលោកលើកឡើងមិញមិញ គាំទ្រពេញទំហឹងគោលការណ៍ជាក់លាក់កម្ពុជា ក្នុងជម្លោះជាមួយថៃ»។

គួរបញ្ជាក់ផងដែរថា ការថ្លែងបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់បេសកកម្មការទូតមួយជុំ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រមទាំងបន្តដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋតួកគីយេ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ៕