កម្ពុជា-កាហ្សាក់ស្ថាន ចុះកិច្ចព្រមព្រៀងចំនួន៧ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត (Video inside)
18-10-2026 08:12
(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៧ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញ។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងទាំង៧ រវាងកម្ពុជា កាហ្សាក់ស្ថាន គឺជាការបង្ហាញឱ្យឃើញនូវការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាហ្សាក់ស្ថាន កាន់តែខ្លាំងក្លាថែមទៀត។
ជាមួយគ្នានេះដែរ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា កាហ្សាក់ស្ថាន ជាប្រទេសមានសេដ្ឋកិច្ចធំជាជាងគេនៅអាស៉ីកណ្តាល សម្បូរថាមពល និងរ៉ែ នៅចំកណ្តាលផ្លូវដែលតភ្ជាប់អាស៉ី ទៅអឺរ៉ុប។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្តថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និងបន្តមកជួបជាមួយលោក Olzhas Bektenov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចកម្ពុជា និងកាហ្សាក់ស្ថាន បានចុះហត្ថលេខាលើឯកសារចំនួន៧ រួមមានសេចក្តីថ្លែងការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន និងអនុស្សារណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ វិចិត្រសិល្បៈ ទេសចរណ៍ និងការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា»។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទផ្សេងៗដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះដែរ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា កម្ពុជា និងកាហ្សាក់ស្ថាន បានសម្រេចបបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរួមមួយដោយឈរលើមូលដ្ឋានមិត្តជាប្រពៃណី ការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា។ កម្ពុជា និងកាហ្សាក់ស្ថាន សម្រេចពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ តាមរយៈការផ្លាស់ប្តូរនយោបាយកម្រិតកំពូល នៅក្នុងក្របខ័ណ្ឌនៃស្ថាប័នអន្តរជាតិ និងតំបន់នានា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាចិត្តផ្តល់ប្រយោជន៍គ្នាទៅវិញ ទៅមកផ្នែកសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្ម និងជំរុញការវិនិយោគ។ កម្ពុជា និងកាហ្សាក់ស្ថាន ប្តេជ្ញាធ្វើឱ្យកាន់តែល្អប្រសើរឡើងការតភ្ជាប់ការដឹកជញ្ជូន និងការពង្រឹងការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍។
គួរឱ្យដឹងថា ការផ្លាស់ប្តូរឯកសារត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមបវរធិបតី ហ៊ុន ម៉ាណែត និងលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ ឯកសារអនុស្សរណៈនៃការយោគយល់គ្នាទាំង៧នោះរួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន
៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន
៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់ស្ថាន
៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៕






