កម្ពុជាស្វាគមន៍សេចក្តីប្រកាសរួមរវាងអាស៊ែបៃហ្សង់ និងអាមេនី, ក្នុងនាមម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី, កម្ពុជានឹងទទួលស្វាគមន៍ប្រទេសសមាជិកទាំងអស់ រួមទាំងអាមេនី (Video inside)
18-10-2026 07:42
(ភ្នំពេញ)៖ កម្ពុជាបានប្រកាសស្វាគមន៍ចំពោះសេចក្តីប្រកាសរួមរវាងអាស៊ែបៃហ្សង់ និងអាមេនី ក្នុងការបោះជំហានឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) នាខែវិច្ឆិកាខាងមុខ កម្ពុជានឹងទទួលស្វាគមន៍បណ្ដាប្រទេសជាសមាជិកទាំងអស់ រួមទាំងប្រទេសអាមេនីផងដែរ ដោយភាពកក់ក្តៅ និងរាក់ទាក់បំផុត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីជំហររបស់កម្ពុជាចំពោះជម្លោះរ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរនៅតំបន់គោកាខាងត្បូង (Caucasus) ថា៖ «អាស៊ែបៃហ្សង់មិនមែនជាសមាជិក នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីទេ រីឯអាមេនី គឺជាសមាជិក។ នៅក្នុងជម្លោះរ៉ាំរ៉ៃ រវាងប្រទេសជិតខាងទាំងពីរនេះ យើងលើកទឹកចិត្តឲ្យភាគីទាំងពីរដោះស្រាយវិវាទ តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ»។
លោកបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាតែងតែគាំទ្រសន្តិភាពនៅតំបន់គោកាខាងត្បូង ក៏ដូចជានៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍សេចក្តីប្រកាសរួម ដែលអាស៊ែបៃហ្សង់ និងអាមេនី បានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ហើយសង្ឃឹមយ៉ាងមុតមាំថានឹងមានកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនាពេលខាងមុខរវាងប្រទេសទាំងពីរ ដែលធ្លាប់មានជម្លោះនឹងគ្នាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។
ដោយឡែក ចំពោះការត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ហ្សង់ ហ្វ្រង់ស័រ តាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាខែវិច្ឆិកាខាងមុខ កម្ពុជានឹងទទួលស្វាគមន៍ប្រទេសសមាជិកទាំងអស់ រួមទាំងអាមេនីផង ដោយភាពរាក់ទាក់ក្នុងស្មារតីនៃកិច្ចសន្ទនាស្ថាបនា និងកិច្ចសហប្រតិបត្តិការ»។
គួរបញ្ជាក់ផងដែរថា ការថ្លែងបញ្ជាក់ពីជំហរការទូតដ៏ច្បាស់លាស់នេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕






