លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ជំនួបជាមួយប្រធានាធិបតីអ៉ីស្រាអែល ផ្ដោតលើសេដ្ឋកិច្ច ខណៈកម្ពុជាបន្តគាំទ្រ «ដំណោះស្រាយរដ្ឋពីរ» នៅមជ្ឈិមបូព៌ា (Video inside)
18-10-2026 07:20
(ភ្នំពេញ)៖ កម្ពុជាបានបញ្ជាក់ជាថ្មី នូវជំហរឥតងាករេក្នុងការគាំទ្រ «ដំណោះស្រាយរដ្ឋពីរ» ស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ខណៈជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកម្ពុជា ជាមួយប្រធានាធិបតីអ៊ីស្រាអែល គឺផ្ដោតជាសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការជួបសន្ទនា ឬជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៉ីស្រាអែល មិនមែនមានន័យថា កម្ពុជាយល់ស្របលើគ្រប់បញ្ហាដែលកើតឡើងនៅមជ្ឈិមបូព៌ា ឬយល់ស្របជាមួយអ៉ីស្រាអែលចំពោះបញ្ហានានា នៅតំបន់នោះឡើយ។
លោកបានបញ្ជាក់បន្ថែមថា ជំនួបទ្វេភាគីនេះបានប្រព្រឹត្តទៅនៅក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូល CICA ហើយកិច្ចពិភាក្សាបានផ្ដោតជាពិសេសលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងអ៉ីស្រាអែល ដូចជាវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មជាដើម។
ទាក់ទិននឹងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាថា៖
«កម្ពុជាគាំទ្រការដោះស្រាយឲ្យមានរដ្ឋ២ ស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យបញ្ចប់អំពើហិង្សា ឲ្យផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលដែលកំពុងរងគ្រោះ ហើយគឺជាគោលការណ៍ដូចគ្នាដែលកម្ពុជាការពារសម្រាប់ខ្លួនដែរ នោះគឺទាមទារឲ្យគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិបត្តិ វិវាទនានា នៅមជ្ឈិមបូព៌ា ដោយសន្តិវិធី»។
គួរបញ្ជាក់ផងដែរថា សន្និសីទសារព័ត៌មាននេះធ្វើឡើងបន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន៣ ក្នុងតំបន់អាស៊ីកណ្តាល៕






