FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើក​កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

17-10-2026 21:41

(អាស្តាណា, កាហ្សាក់ស្ថាន)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Olzhas Bektenov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិ​សណ្ឋា​រកិច្ចប្រកបដោយភាតរភាពជូនចំពោះសម្តេចមហាបវរធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន ព្រមទាំងបានសម្តែងក្តីរីករាយ​ចំពោះការជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នាឱកាសនេះ។ លោកនាយករដ្ឋមន្ត្រីចាត់ទុកដំណើរទស្សនកិច្ចនេះ ជាស្ពានក្នុងការបន្តពង្រឹង និងពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។

សម្ដេចមហាបវរធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋាភិបាល និងប្រជាជនកាហ្សាក់ស្ថាន ដល់សម្ដេច និងគណៈប្រតិភូកម្ពុជានាឱកាសនេះ។ សម្ដេចធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកជាកម្លាំងចលករជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរ​ ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការស្វែងរកយន្តការថ្មី ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង លើវិស័យ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្រ្កាបបទល្មើសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា, ច្បាប់, ហិរញ្ញវត្ថុ, និងការតភ្ជាប់ប្រជាជននិងប្រជាជនជាដើម៕