FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន

17-10-2026 19:12

(អាស្តាណា, កាហ្សាក់ស្ថាន)៖ ចាយពេលមិនឱ្យសល់មុននឹងធ្វើដំណើរត្រឡប់មកកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបជាមួយប្រធានក្រុម​ហ៊ុន​ភាពយន្ត និងប្រធានក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន។

ប្រធានក្រុមហ៊ុនដែលសម្តេចនាយករដ្ឋមន្ត្រីបានជួបរួមមាន៖

១៖ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production។ ក្រុមហ៊ុន Daubay Production គឺជាក្រុមហ៊ុនផលិតភាព​យន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការ​ផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវ​បាន​ផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។

ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់តែង​សាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែកចាយ​ស្នាដៃ។ ជាមួយគ្នានេះ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែល​មាន​ចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។

២៖ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia។ ក្រុមហ៊ុន Selfie Travel Asia គឺជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ​ ដែលមានមូល​ដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោល​ដៅ​ទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យ​ទេសចរណ៍។

ក្រុមហ៊ុននេះ បានដំណើរការតាំងពីឆ្នាំ២០១៦ និងមានការិយាល័យនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសអេហ្ស៊ីប តួកគី អ៊ូសបេគីស្ថាន ថៃ វៀតណាម និងចិន។ ក្រុមហ៊ុនក៏មានកិច្ច​សហការ​ជាមួយភ្នាក់ងារទេសចរណ៍នានានៅក្នុងប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងកៀហ្ស៊ីស៊ីស្ថាន៕