FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា (Video inside)

17-10-2026 17:55

(អាស្តាណា, កាហ្សាក់ស្ថាន)៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ចង់ឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ដើម្បីជំរុញវិស័យ​ទេស​ចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងលើកកម្ពស់ការធ្វើធុរកិច្ច។

លោកប្រធានាធិបតី លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ។

លោកប្រធានាធិបតី បានគូសរំលេចថា ដំណើរទស្សនកិច្ចរ​បស់សម្ដេចមហាបវរធិបតី នៅកាហ្សាក់ស្ថាននាពេលនេះ នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើក​ទូលាយ​នូវទស្សនវិស័យថ្មីៗសម្រាប់ កិច្ចសហប្រតិបត្តិការដែលមានផល​ប្រយោជន៍​រវាង​ប្រទេសទាំងពីរ។

លោក Kassym-Jomart Tokayev បានថ្លែងដូច្នេះថា៖ «ខ្ញុំជឿថាដំណើរទស្សនកិច្ច​របស់​សម្តេច​​មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះមិនធ្លាប់មាននាយករដ្ឋមន្ត្រីកម្ពុជា​មួយរូបណា បានមកទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកទេ»។

លោកប្រធានាធិបតី ក៏បានគូសរំលេចដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មានទំនាក់ទំនងផ្ទាល់ពិសេសជាមួយប្រទេសកាហ្សាក់ស្ថាន។ លោកប្រធានាធិបតី ក៏បានរំលឹករឿងសម្តេចតេជោ អញ្ជើញទស្សនកិច្ចនៅកាហ្សាក់ស្ថានកាលពីឆ្នាំ១៩៨២ ពេលនៅជារដ្ឋមន្ត្រីការបរទេស។

លោកប្រធានាធិបតី បានបញ្ជាក់ថា កាហ្សាក់ស្ថានមានក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះ​ប្រទេសកម្ពុជា ហើយប្រជាជនកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាកម្ពុជា និងស្វែង​យល់ពីភាពទាក់ទាញរបស់ខ្លួន។

ការណ៍នេះ លោកប្រធានាធិបតី ចង់ឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ដែរថា កាហ្សាក់ស្ថាន និងកម្ពុជា សុទ្ធតែមានធនធានធម្មជាតិដ៏សម្បូរបែប ដែលផ្តល់ឱកាសបន្ថែមសម្រាប់កិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕