FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥

17-10-2026 17:01

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ១២-១៤ ផ្លូវលេខ៥៥២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលក្រុមគ្រួសារបានរៀបចំពិធីបុណ្យសពតាមប្រពៃណីជាតិ និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះលោកស្រី ថូ លន ព្រមទាំងក្រុមគ្រួសារសព ដោយបានសម្តែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោក ខៀវ មុត ដែលជាស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារ ព្រមទាំងជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន។

ក្នុងសារលិខិតរំលែកមរណទុក្ខ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មរណភាពរបស់លោក ខៀវ មុត គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាដ៏ល្អប្រពៃ ជាទីគោរពស្រឡាញ់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបីបាច់ថែរក្សា អប់រំទូន្មាន និងផ្តល់ដំបូន្មានដល់កូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ដ៏ឧត្តុង្គឧត្តម។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា មរណភាពនេះក៏ជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានបន្សល់ទុកនូវគំរូវីរភាព បទពិសោធន៍ និងស្នាដៃការងារជាច្រើន។ ក្នុងមួយជីវិតរបស់លោក ខៀវ មុត លោកបានខិតខំពុះពារឧបសគ្គ លះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ចដោយស្មោះត្រង់ ក្នុងគោលបំណងបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងវេលាប្រកបដោយសេចក្តីសោកសង្រេងនេះ លោក នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី ថូ លន ព្រមទាំងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ខៀវ មុត សូមបានទៅកាន់សុគតិភព និងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕