FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-កាហ្សាក់ស្ថាន ផ្លាស់ប្តូរឯកសារចំនួន៧ បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា (Video inside)

17-10-2026 16:59

(អាស្តាណា, កាហ្សាក់ស្ថាន)៖ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា នៅប្រទេសកាហ្សាក់ស្ថាន ឯកសារចំនួន៧ត្រូវបានចុះហត្ថលេខា និងផ្លាស់ប្តូរគ្នា ដែលជាការ​បង្ហាញ​​ឱ្យឃើញនូវការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាហ្សាក់ស្ថាន កាន់តែខ្លាំងក្លាថែមទៀត។

ការផ្លាស់ប្តូរឯកសារត្រូវបានធ្វើឡើង ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន។ ឯកសារអនុស្សរណៈនៃការ​យោគយល់គ្នាទាំង៧នោះរួមមាន៖

១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។

៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់ស្ថាន។

៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។

៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៕