រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចផ្អាកការងារលោក អ៊ុំ សុភឿន មន្ត្រីទីចាត់ការគ្រប់គ្រងធនធានមនុស្សបណ្តោះអាសន្ន ពាក់ព័ន្ធវិវាទដីធ្លី
17-10-2026 15:34
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោក អ៊ុំ សុភឿន មន្ត្រីបម្រើការនៅការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តស្ទឹងត្រែង ដើម្បីទុកលទ្ធភាពឱ្យក្រុមប្រឹក្សាវិន័យធ្វើការពិនិត្យ និងតាមដានជុំវិញការជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក អ៊ុំ សុភឿន (ជាមន្ត្រីដែលបានផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥) ត្រូវបានរកឃើញថា មានឈ្មោះជាប់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន លើបញ្ហាទំនាស់ការគ្រប់គ្រង កាន់កាប់ និងលក់ដូរដីធ្លី ស្ថិតនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានទំនាស់ជាមួយលោកស្រី អៀវ វុទ្ធី រស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធបានចុះស្រាវជ្រាវផ្ទាល់ដល់ទីតាំងកើតហេតុ និងប្រមូលព័ត៌មានជុំវិញករណីនេះ អាជ្ញាធរខេត្តបានតម្រូវឱ្យ លោក អ៊ុំ សុភឿន ចុះដោះស្រាយបញ្ហាដីធ្លីនោះឱ្យបានដាច់ស្រឡះតាមគោលការណ៍ច្បាប់។
ទន្ទឹមនឹងនេះ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាលស៊ីវិល រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេច៖ ១. ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អ៊ុំ សុភឿន ២. ដាក់ឱ្យស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យ យ៉ាងម៉ឺងម៉ាត់ពីសំណាក់ក្រុមប្រឹក្សាវិន័យនៃរដ្ឋបាលខេត្តស្ទឹងត្រែង។
យ៉ាងណាមិញ រដ្ឋបាលខេត្តក៏បានគូសបញ្ជាក់បន្ថែមថា ក្នុងករណីលទ្ធផលនៃការពិនិត្យ និងអង្កេតរកឃើញថា លោក អ៊ុំ សុភឿន មិនមានកំហុសឆ្គងខាងវិន័យនោះទេ សាម៉ីខ្លួននឹងត្រូវបានអនុញ្ញាតឱ្យចូលបម្រើការងារ តាមតួនាទីដើមវិញជាធម្មតា។
រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមថា សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងទទួលជ្រាបជាព័ត៌មានប្រកបដោយការយោគយល់ និងតាមដានករណីនេះដោយផ្អែកលើការសម្រេចជាផ្លូវការ៕



