FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត្រ ភក្ត្រា៖ TVET ១,៥លាននាក់ ជាយុទ្ធសាស្ត្រជួយយុវជនក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញ និងបច្ចេកទេសអភិវឌ្ឍសង្គម

17-10-2026 14:56

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់អំពីសារសំខាន់ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្កើនឱកាសទទួលបានការអប់រំជំនាញ ការងារសមរម្យ និងប្រាក់ចំណូល ដើម្បីជួយឱ្យយុវជនអាចលើកកម្ពស់ជីវភាពគ្រួសារ និងចាកចេញពីភាពក្រីក្របានកាន់តែឆាប់រហ័ស ព្រមទាំងក្លាយជាកម្លាំងពលកម្មមានជំនាញ និងអ្នកបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាចុងសប្តាហ៍ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូរគ្រៀងសែនជ័យ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាគោលនយោបាយអាទិភាពទី២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តោតលើការផ្តល់ឱកាសឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារ។

ការអនុវត្តគោលនយោបាយនេះ មិនត្រឹមតែជួយយុវជនឱ្យមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនផលិតភាពកម្លាំងពលកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងចូលរួមជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈ គឺជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងជាមូលដ្ឋានគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចំពោះលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធី យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលបានកំណត់។ ជាពិសេស យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយ និងលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សារហូតទទួលបានជំនាញ។

គួររំលឹកថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលលើមុខជំនាញសំខាន់ៗ រួមមាន៖

១. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ។
២. សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន។
៣. សេវាកម្មកុំព្យូទ័រ។
៤. ការថែទាំ និងជួសជុលប្រព័ន្ធអគ្គិសនីរថយន្ត។
៥. ការកែច្នៃបន្លែ និងផ្លែឈើ។

កម្មវិធីនេះត្រូវបានចាត់ទុកថា ជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការទទួលបានជំនាញជាក់ស្តែង បង្កើនលទ្ធភាពរកការងារធ្វើ ឬបង្កើតមុខរបរផ្ទាល់ខ្លួន ដើម្បីធានាប្រាក់ចំណូល និងស្ថិរភាពជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ ការពង្រីកឱកាសបណ្តុះបណ្តាលជំនាញដល់យុវជន ក៏ជាការវិនិយោគលើធនធានមនុស្សរយៈពេលវែង ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនសមធម៌សង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕