FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សា និងចុះ MoU ជាមួយសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន ដើម្បីជំរុញសេដ្ឋកិច្ច និងវិនិយោគ

17-10-2026 14:56

(កាហ្សាក់ស្ថាន)៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។

ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការកសាងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

បន្ថែមពីលើនេះទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក៏ដូចជាការបើកផ្លូវសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន៕