FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ

17-10-2026 14:23

(ភ្នំពេញ)៖ លោកបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។ ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

សេច​ក្តីជូនដំណឹងរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនេះលោកបណ្ឌិត Gordan Grlić Radman នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត Gordan Grlić Radman ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

ទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត Gordan Grlić Radman នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ជំរុញចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជាក់សាជាថ្មីនូវការ ប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕