ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៅតាមតំបន់ទេសចរណ៍ ដើម្បីធានានូវសណ្តាប់ធ្នាប់បានល្អ
17-10-2026 14:14
(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការចុះត្រួតពិនិត្យ ល្បាត និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានា នៅតាមទីតាំងទេសចរណ៍អាទិភាព ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ។
លោកបានសង្កត់ធ្ងន់លើករណីក្មេងៗ យកអណ្តើកមកលក់ជូនភ្ញៀវទេសចរ ត្រូវចុះអប់រំណែនាំ និងចាត់វិធានការទប់ស្កាត់ ឱ្យបានម៉ឺងម៉ាត់ ដោយមានគោលដៅលុបបំបាត់សកម្មភាពនេះ និងបង្ការកុំឱ្យកើតមានឡើងវិញ ព្រមទាំងយកចិត្តទុកដាក់លើការការពារសិទ្ធិកុមារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។
លោកបានបន្តថា ចំពោះបងប្អូនដែលប្រកបរបរថតរូប នៅតំបន់អង្គរ ត្រូវបន្តប្រកបរបរដោយសុចរិតភាព គោរពវិជ្ជាជីវៈ និងចូលរួមសហការជាមួយអាជ្ញាធរ ដោយគោរពសិទ្ធិឯកជនភាពរបស់ភ្ញៀវទេសចរ ស្នើសុំការយល់ព្រមមុនពេលថត ជូនដំណឹងអំពីតម្លៃសេវាកម្មឱ្យបានច្បាស់លាស់ និងជៀសវាងការបង្ខិតបង្ខំ ឬការបង្កការរំខានដល់ភ្ញៀវទេសចរ។
លោកអភិបាលរងខេត្ត ក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីក្រមសីលធម៌ទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ច ការកំណត់តម្លៃប្រកបដោយតម្លាភាព និងការថែរក្សាសម្បត្តិបេតិកភណ្ឌ។ ជាពិសេសត្រូវផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត បទប្បញ្ញត្តិ និងសេចក្តីណែនាំពាក់ព័ន្ធនឹងការចូលទស្សនា ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការការពារបេតិកភណ្ឌឱ្យបានទូលំទូលាយ ជាពិសេសដល់ភ្ញៀវទេសចរជាតិ តាមរយៈស្លាកសញ្ញា ផ្ទាំងព័ត៌មាន ខិត្តប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងការណែនាំដោយផ្ទាល់។
លោក ង៉ូវ សេងកាក់ បានប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធ ត្រូវចាប់ផ្តើមអនុវត្តការងារជាបន្ទាន់ ដោយមិនត្រូវរង់ចាំរហូតដល់ការប្រមូលព័ត៌មាន មានភាពពេញលេញទាំងស្រុងនោះទេ។ ចំពោះបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ត្រូវចាត់វិធានការតាមតួនាទី និងសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។
លោកបន្ថែមថា ចំពោះបញ្ហាដែលត្រូវការការសិក្សាបន្ថែម ត្រូវប្រមូលព័ត៌មាន សម្របសម្រួល និងរៀបចំសំណើដំណោះស្រាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ អង្គភាពនគរបាលទេសចរណ៍ ត្រូវសម្របសម្រួលបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងសំណើកែលម្អដាក់ជូនរដ្ឋបាលខេត្ត តាមកាលកំណត់ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា រាល់វិធានការអនុវត្តត្រូវស្របតាមច្បាប់ និងគោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងរក្សាតុល្យភាពរវាងការពង្រឹងសណ្តាប់ធ្នាប់ ការការពារបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយនេះ លោកក៏បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមសហការអនុវត្តទិសដៅការងារ ដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមគ្នាពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ថែរក្សាតម្លៃបេតិកភណ្ឌ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរ និងទូទាំងខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើង៕











