ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី បញ្ជាក់ពីអត្តលេខនាយទាហានស្ទួនគ្នា ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គម
17-10-2026 14:12
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម ដែលបានលើកឡើងពីការស្ទួនគ្នា នៃអត្តលេខនាយទាហានរវាង លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី និងលោក ឧត្តមសេនីយ៍ឯក ហេង វុទ្ធី។ ការផ្សព្វផ្សាយនេះបានបង្កឱ្យមានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់កិត្តិយសរបស់នាយទាហានទាំង២រូប។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី បានធ្វើការបំភ្លឺថា អត្តលេខនាយទាហាន «០៥៨៨៥៧» គឺជាអត្តលេខផ្លូវការរបស់លោក ដែលមានឯកសារពាក់ព័ន្ធនឹងការតម្លើងឋានន្តរស័ក្តិតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២២១ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រមទាំងឯកសារផ្លូវការផ្សេងទៀតជាភស្តុតាង។ តែនៅតាមបណ្តាញសង្គមដែលមានការចែកចាយនោះ គឺឃើញឈ្មោះរបស់លោកមានអត្តលេខ «០០១២១៣» ដែលមិនមានជាអត្តលេខផ្លូវការរបស់លោកឡើយ។
អាស្រ័យហេតុនេះ លោកបានអំពាវនាវអ្នកដែលចែកចាយបណ្ដាញសង្គមទាំងអស់ មេត្តាពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងឯកសារយោងឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកបន្ត៕








