កម្ពុជា-តួកគីយ៉េ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងទាញយកប្រយោជន៍ពីជើងហោះហើរត្រង់ភ្នំពេញ-អ៊ីស្តង់ប៊ុល (Video inside)
17-10-2026 13:02
(អ៊ីស្តង់ប៊ុល)៖ នាឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោក Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េ លើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ កន្លងមក។
តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ និងការប្រតិបត្តិតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពល (FAM Trip) ព្រមទាំងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៨ ឱ្យកាន់តែសកម្ម និងជាក់ស្តែងបន្ថែមទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតលើការបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ប្រទេសទាំងពីរ ដល់ប្រជាជន និងវិនិយោគិននៃប្រទេសទាំងពីរ តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីជើងហោះហើរត្រង់ដែលមានស្រាប់រវាងរាជធានីភ្នំពេញ និងទីក្រុងអ៊ីស្តង់ប៊ុល៕

