FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះសមាគមត្រកូលលឹម កម្ពុជា ដែលចូលរួមចំណែកអភិវឌ្ឍន៍ជាតិ​ តាមរយៈសកម្មភាពធុរកិច្ច​ និងការងារមនុស្សធម៌

17-10-2026 11:58

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. បានវាយតម្លៃខ្ពស់ចំពោះសមាគមត្រកូលលឹម កម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ជាតិ តាមរយៈសកម្មភាពធុរកិច្ច​ ការបង្កើនឱ្យកាសការងារ ការអភិវឌ្ឍន៍យុវជន និងការងារសប្បុរសធម៌ជាច្រើននៅតាមសហគមន៍។

ការវាយតម្លៃបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីអាហារសាមគ្គីអបអរសាទរការបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៨ និងមហាសន្និបាតតំណាងសមាជិកសមាគមត្រកូលលឹម​ ពិភពលោក​​ លើកទី៣ អាណត្តិទី១២ នាព្រលប់ថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាក់ស្តែងបងប្អូនសហគមន៍ដើម ដែលមានដើមកំណើតចិន ជាអ្នកដែលមានសែស្រឡាយចិន បានកំពុងរស់នៅ ប្រកបអាជីវកម្ម និងបំពេញការងាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន។ ក្នុងនោះក្រុមគ្រួសារសមាគមត្រកូលលឹម​ កម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្ម តាមរយៈសកម្មភាពធុរកិច្ច​ ការបង្កើនឱ្យកាសការងារ និងការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ព្រមទាំងជួយការងារដល់សហគមន៍បានយ៉ាងសកម្ម និងមានប្រសិទ្ធិភាព»។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា កន្លងមកលោកបានតាមដានយ៉ាងចិត្តទុកដាក់នូវសកម្មភាពរបស់សមាគមគ្រួសារត្រកូលលឹម កម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ដូចជាការជួយគាំទ្រដល់ជនមានពិការភាព​ និងមណ្ឌលកុមារកំព្រា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការផ្តល់ជំនួយដល់វីរកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ​។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា សកម្មភាពរបស់សមាគមត្រកូលលឹមកម្ពុជា បានឆ្លុះបញ្ចាំងពីយ៉ាងច្បាស់ពីស្មារតី សាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខមាលភាពសង្គម ព្រមទាំងស្មារតីទទួលខុសត្រូវរបស់សមាគមត្រកូលលឹម កម្ពុជា ក្នុងការចូលរួមចំណែកជួយសង្គមជាតិកម្ពុជា។ ក្រៅពីសមិទ្ធផលរបស់សមាគមផ្ទាល់ សមាជិក សមាជិកានៃគ្រួសារត្រកូលលឹម​ កម្ពុជា បានកំពុងបំពេញការងារ និងប្រកបមុខរបរផ្សេងៗក្នុងវិស័យសាធារណៈ វិស័យឯកជន ក៏បានចូលរួមចំណែកយ៉ាងសកម្មដល់សង្គមជាតិ តាមរយៈតួនាទី ភារកិច្ច ព្រមទាំងសកម្មភាពរៀងៗខ្លួន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសាទរចំពោះការពង្រឹងចំណងសាមគ្គីភាព រវាងសមាគមត្រកូលលឹម កម្ពុជា និងសមាគមត្រកូលលឹម នៅតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលជាការផ្សាភ្ជាប់នូវទំនាក់ទំនងអន្តរជំនាន់ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ វប្បធម៌នៃកិច្ចសហការនេះត្រូវបានថែរក្សា ពង្រឹង និងពង្រីក ឱ្យកាន់តែរឹងមាំដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យសមាគមត្រកូលលឹម កម្ពុជា បន្តផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសសហការជាមួយសមាគមនៅតាមបណ្តាប្រទេសដទៃ ព្រមថាបណ្តាញដែលសមាគមបានកសាង និងជួយសម្របសម្រួលទំនាក់ទំនងផ្នែកវប្បធម៌​ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាដើម។

ចំណែកលោក លឹម គួទ័ន ប្រធានសមាគមត្រកូល​លឹម​ ពិភពលោក និងជាប្រធានសមាគមត្រកូលលឹម នៅហ្វីលីពីន បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះបងប្អូនត្រកូលលឹម នៅកម្ពុជា និងបងប្អូនត្រកូលលឹម នៅក្រៅប្រទេស បានចាក់ឫសរឹងមាំ ហើយមិនដែលភ្លេច ឬសំគាល់ដូនតារបស់ខ្លួនឡើយ ដោយតែងតែរួបរួមបងប្អូនក្នុងត្រកូល និងជួយយកអាសារគ្នាទៅវិញទៅមក។​ ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់គ្រួសារដ៏ស្មោះត្រង់ លើកកម្ពស់វប្បធម៌ត្រកូល និងខិតខំកសាងកិច្ចការត្រកូលដោយបានរួមចំណែកយ៉ាងមានតម្លៃ និងលេចធ្លោបំផុតសម្រាប់ចំណងមិត្តភាពត្រកូលលឹមពិភពលោក ការសាមគ្គីភាពគ្រួសារ និងការផ្ទេរមរតកវប្បធម៌ ដែលសក្តិសមឱ្យគ្នាគោរព និងរៀនសូត្រតាម។

លោក លឹម គួទ័ន បានថ្លែងថា​​​​ ត្រកូលលឹម ក្រោមមេឃតែមួយ មានប្រភពដើម និងឫសគល់តែមួយ ដែលបានបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់។ សូមរួបរួមចិត្ត រួមថ្លើម កៀកស្មាគ្នា បន្តមរតកគុណធម៌ដូនតា លើកស្ទួយប្រពៃណី គ្រួសារ និងបន្តពង្រីកកម្លាំងរបស់សមាគមត្រកូលលឹម​ ពិភពលោក ក៏ដូចជាធ្វើឱ្យកិច្ចការរបស់ត្រកូលលឹម កាន់តែរីកចម្រើនរុងរឿង។

ដោយឡែក លោក លឹម សៀវ ហ៊ាង បានលើកឡើងថា យើងមានដើមកំណើតតែមួយ ចិត្តតែមួយ បន្តកេរមរតកដូនតា យើងស្កាត់មកពីប្រទេសនាៗ ដើម្បីជួបជុំគ្នានៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃកិច្ចប្រជុំរួមក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យនៃសមាគមត្រកូលលឹម ពិភពលោក លើកទី១២នេះ បងប្អូនត្រកូលលឹម​ មកពីទ្វីបទាំងប្រាំបានឆ្លងកាត់ទឹកដី​ និងសមុទ្ររាប់ពាន់គីឡូ មកជួបជុំគ្នានៅពេលនេះ ដើម្បីរឹតចំណងសាមគ្គីភាព ពិភាក្សាការងារត្រកូលរួមគ្នាកសាង និងការអភិវឌ្ឍ។

ក្នុងនាមសមាគមត្រកូលលឹមនៅកម្ពុជា លោកបានបន្តថា ការរៀបចំកិច្ចប្រជុំរួមនៃសមាគមត្រកូលលឹម ពិភពលោក លើកនេះ គឺជាព្រឹត្តិការណ៍ដ៏ធំធេងនៃមហាគ្រួសារត្រកូលលឹម សកលលោក ហើយក៏ជាកិត្តិយសសម្រាប់ត្រកូលលឹម នៅកម្ពុជាផងដែរ។ ជាយូរណាស់មកហើយដោយទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ការចង្អុលបង្ហាញយ៉ាងសកម្មពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងការជួយជ្រោមជ្រែងពីសមាគមអាណិកជនចិនទាំងអស់ បានធ្វើឱ្យបងប្អូនត្រកូលលឹមនៅកម្ពុជា អាចរួបរួមសាមគ្គីគ្នា បន្តវេនប្រពៃណីដ៏ល្អប្រសើរ បម្រើសង្គមអាណិកជន និងរួមចំណែកកសាងសង្គមជាតិ។

លោក លឹម សៀវ ហ៊ាង បានបញ្ជាក់ថា សមាគមត្រកូលលឹម នឹងបន្តប្រកាន់ខ្ជាប់នូវពាក្យទូន្មានរបស់បុព្វបុរស ពង្រឹងចំណងមិត្តភាពក្នុងត្រកូល រួបរួមសាមគ្គី បណ្តុះបណ្តាលយុវជន ផ្សារភ្ជាប់ធនធានត្រកូលលឹម ទូទាំងសកលលោក លើកកម្ពស់ប្រពៃណីគ្រួសារដ៏ថ្លៃថ្នូរ ចូលរួមកសាងសង្គមអាណិកជន និងរួមចំណែកជំរុញមិត្តភាពកម្ពុជា-ចិន ឱ្យស្ថិតស្ថេរជានិច្ចនិរន្តព្រមទាំងធ្វើឱ្យកេរដំណែលត្រកូលបន្តរុងរឿងជារៀងរហូត៕