ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បង្ហាញរូបភាពលើសពីតួនាទីផ្លូវការតំណាងឲ្យជាតិរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំទៅកាន់ប្រធានាធិបតីតួកគីយ៉េ
17-10-2026 11:37
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញនូវរូបភាពមួយសន្លឹករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសតំណាងឲ្យជាតិ តាមរយៈកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំទៅកាន់ប្រធានាធិបតីតួកគីយ៉េ ដែលនេះលើសពីតួនាទីផ្លូវការក្នុងការបំពេញបេសកកម្មរបស់សម្ដេច។
ឧបនាយរដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា៖
«ក្នុងបេសកកម្មផ្លូវការនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិ។
ពិតណាស់ សម្តេចតំណាងប្រជាជាតិយើងដោយមោទនភាព ប៉ុន្តែក្នុងពេលតែមួយ លើសពីតួនាទីផ្លូវការ គឺក្នុងរូបថតមួយនេះ ក៏បានបង្ហាញកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ដែលបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ។
នេះ គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មកដល់ពេលបច្ចុប្បន្ន»៕

