ហ្វូងដំរីព្រៃ ចល័តពីស្រុកជាំក្សាន្ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ, សូមពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែន ជាបណ្តោះអាសន្ន (Video inside)
17-10-2026 11:05
(ព្រះវិហារ)៖ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានរកឃើញ និងតាមដានដំណើរហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាល ដែលបានបំផ្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រុមការងារអន្តរស្ថាប័នដឹកនាំដោយគណៈអភិបាលស្រុកគូលែន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ប្រចាំស្នាក់ការបរិស្ថាន តាកឹង បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាសដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរីកំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ក្រុមការងារបានរកឃើញហ្វូងដំរី មានចំនួន៦ក្បាល ក្នុងនោះមានកូនដំរីចំនួន១ក្បាល ផងដែរ កំពុងរកចំណីស្នាក់នៅក្នុងគុម្ពព្រៃ និងមែកឈើ។
ជាមួយគ្នានេះ គណៈបញ្ជាការកងឯកភាពខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋានបានបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូលក្នុងភូមិសាស្ត្រស្រុកគូលែន។ ដូច្នេះ សូមប្រជាពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែន ជាបណ្តោះអាសន្ន។
បន្ថែមពីនេះ អាជ្ញាធរ និងមន្ត្រីជំនាញអភិរក្ស បានហាមឃាត់ការតបត ត្រូវហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ។
មន្ត្រីជំនាញអភិរក្សបានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងស្អិតរមួតបំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ៕














