FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាប្រកាសប្តេជ្ញាចិត្តការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅប្រទេសអាមេនី

17-10-2026 10:11

(អាមេនី)៖ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មកពីជាង ៥០ ប្រទេស មកពីជុំវិញពិភពលោក រួមទាំងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដើម្បីជីវៈចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ (Biodiversity and Climate Effort)។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា កម្ពុជាបានដើរតួនាទីឈានមុខក្នុងការរួមបញ្ចូលគ្នារវាងការការពារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកកិច្ចការទាំងពីរនេះ សម្រាប់ចីរភាពបរិស្ថាន។

រដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្ត«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» កម្ពុជាបានជំរុញយ៉ាងខ្លាំងក្លានូវការដាំកូនឈើឡើងវិញ ដើម្បីពង្រីកគម្របព្រៃឈើ បង្កើនការស្រូបកាបូន និងកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ សំដៅឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូន ឆ្នាំ២០៥០។

បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ ស្តែងឱ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាមួយ សហគមន៍សកលលោក ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី ធានាការរស់នៅដោយសុខដុមរមនា ជាមួយធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់មនុស្សជាតិទាំងមូល។

បណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកឡើងនូវចំណុចគន្លឹះសំខាន់គឺ កត្តាសន្តិភាពជាគ្រឹះនៃការគ្រប់គ្រងធនធានធម្មជាតិ៖ ក្រោមមរតកសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានឱកាសពេញលេញ និងមានលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង ថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាព។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា មរតកដ៏មានតម្លៃនៃការការពារជីវៈចម្រុះ និងធនធានធម្មជាតិនេះ ត្រូវបាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដោយរាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងការដឹកនាំជំរុញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» កម្ពុជាបានពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីធានានិរន្តរភាពបរិស្ថាន។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល Leaders for Nature គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ក្នុងការបើកផ្លូវឆ្ពោះទៅកាន់សន្និសីទសហប្រជាជាតិស្តីពីជីវៈចម្រុះ (COP17) ដើម្បីរួមគ្នាពិភាក្សានិងវាយតម្លៃ លើវឌ្ឍនភាពការងារអភិរក្សជីវៈចម្រុះសកល៕