FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងប៉ះពាល់ និងខូចខាតដំណាំកសិកម្មនៅ ១៤រាជធានី-ខេត្ត ខណៈក្រសួងកសិកម្មបន្តតាមដាន និងអន្តរាគមន៍ស្ដារឡើងវិញ

17-10-2026 08:10

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានជះឥទ្ធិពល និងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទៃដីបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានី និងខេត្តចំនួន១៤ រួមមាន៖ បន្ទាយមានជ័យ, កំពង់ឆ្នាំង, បាត់ដំបង, តាកែវ, ព្រះវិហារ, ប៉ៃលិន, កំពត, កំពង់ស្ពឺ, ព្រៃវែង, សៀមរាប, កណ្ដាល, ត្បូងឃ្មុំ, ពោធិ៍សាត់ និងរាជធានីភ្នំពេញ។

យោងតាមប្រសាសន៍របស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដំណាំកសិកម្មសរុបចំនួន ២៣៥,៦៩៧ហិកតា ស្មើនឹង ៥,៤៨% នៃផ្ទៃដីអនុវត្តទូទាំងប្រទេស។ ក្នុងនោះ ផ្ទៃដីដែលទទួលរងការខូចខាតបាត់បង់ទាំងស្រុងមានចំនួន ៨៨,៧០៦ហិកតា ត្រូវជា ២,២០% នៃផ្ទៃដីអនុវត្តទូទាំងប្រទេស។

លោក បានបន្តបង្ហាញពីទិន្នន័យលម្អិតនៃប្រភេទដំណាំដែលរងផលប៉ះពាល់ និងខូចខាត ដោយរួមមាន៖

*ដំណាំស្រូវ៖ មានផ្ទៃដីរងផលប៉ះពាល់សរុបចំនួន ២១៧,២៤៦ហិកតា និងខូចខាតចំនួន ៨០,០៥២ហិកតា។

*ដំណាំសៀងរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ច៖ មានផ្ទៃដីរងផលប៉ះពាល់ចំនួន ១៨,៤៥១ហិកតា និងខូចខាតចំនួន ៨,៦៥៤ហិកតា។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមអំពីស្ថានភាពតាមបណ្តាខេត្តនីមួយៗដូចខាងក្រោម៖

*ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ដំណាំស្រូវចំនួន ៣៦,១៣៥ហិកតា ខូចខាត ២,៣៤១ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចប៉ះពាល់ចំនួន ២០៥ហិកតា នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ដូចជា ស្រុកមង្គលបូរី ភ្នំស្រុក ព្រះនេត្រព្រះ អូរជ្រៅ ម៉ាឡៃ ថ្មពួក ស្វាយចេក ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។

*ខេត្តកំពង់ធំ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ៩,៦៤៨ហិកតា ខូចខាត ៣,៩៧៧ហិកតា ព្រមទាំងដំណាំសៀងរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ចប៉ះពាល់ចំនួន ១៤២ហិកតា ស្ថិតក្នុងស្រុកសន្ទុក កំពង់ស្វាយ ប្រាសាទសំបូរ សណ្តាន់ ស្ទោង បារាយណ៍ ប្រាសាទបល្ល័ង្ក និងក្រុងស្ទឹងសែន។

*ខេត្តបាត់ដំបង ប៉ះពាល់ដំណាំស្រូវចំនួន ១២៣,៣៦០ហិកតា ខូចខាត ៦៩,៧៧៤ហិកតា និងដំណាំសៀងរួមផ្សំ-ទ្រទ្រង់សេដ្ឋកិច្ចប៉ះពាល់ចំនួន ១៦,៣៧៤ហិកតា ខូចខាត ៨,៤៤៤ហិកតា នៅក្នុងស្រុកបាណន់ ថ្មគោល មោងឫស្សី រតនមណ្ឌល សំឡូត កំរៀង ភ្នំព្រឹក គាស់ក្រឡ រុក្ខគិរី និងក្រុងបាត់ដំបង។

*ខេត្តតាកែវ ប៉ះពាល់ដំណាំស្រូវចំនួន ៤,៤៩៥ហិកតា និងខូចខាត ១,១៤៣ហិកតា នៅស្រុកគីរីវង់ ត្រាំកក់ ទ្រាំង និងស្រុកកោះអណ្តែត ប៉ុន្តែបានអន្តរាគមន៍សង្គ្រោះបានចំនួន ៣ ៣៥២ ហិកតា។

*ខេត្តព្រះវិហារ ប៉ះពាល់ដំណាំស្រូវចំនួន ២,០៤០ហិកតា នៅស្រុកជ័យសែន ត្បែងមានជ័យ ឆែប គូលែន និងរវៀង។

*ខេត្តប៉ៃលិន ប៉ះពាល់ដំណាំសៀងរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ចចំនួន ១,៤៣២ហិកតា នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន។

*ខេត្តកំពត ប៉ះពាល់ដំណាំស្រូវចំនួន ៥០៣ហិកតា និងដំណាំសៀងរួមផ្សំ-ទ្រទ្រង់សេដ្ឋកិច្ចចំនួន ១៥ហិកតា នៅស្រុកអង្គរជ័យ កំពង់ត្រាច ទឹកឈូ និងស្រុកបន្ទាយមាស។ រីឯផ្ទៃដីដំណាំស្រូវលិចទឹកបានងើបឡើងវិញចំនួន ៣០៣ ហិកតា។

*ខេត្តកំពង់ឆ្នាំង ដំណាំស្រូវរងផលប៉ះពាល់ចំនួន ៣០២ហិកតា នៅក្នុងស្រុកសាលាលេខប្រាំ ដោយក្នុងនោះផ្ទៃដីស្រូវបានល្អប្រសើរឡើងវិញ ១០០%។

*ខេត្តព្រៃវែង ប៉ះពាល់ដំណាំស្រូវចំនួន ៥,៤២៧ហិកតា និងខូចខាត ១៤៤ហិកតា នៅក្នុងស្រុកកញ្ជ្រៀច ស៊ីធរកណ្តាល និងស្រុកស្វាយអង់តរ។ ដោយឡែក ផ្ទៃដីដំណាំស្រូវដែលបានសង្គ្រោះ និងល្អប្រសើរឡើងវិញមានចំនួន ១,៩៤០ហិកតា។

*ខេត្តសៀមរាប ប៉ះពាល់ដំណាំស្រូវចំនួន ៣៤,៥១៩ហិកតា ខូចខាត ២,៤៤៧ហិកតា ព្រមទាំងដំណាំសៀងរួមផ្សំ និងទ្រទ្រង់សេដ្ឋកិច្ចប៉ះពាល់ចំនួន ២០៣ហិកតា និងខូចខាត ១៦០ហិកតា នៅស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង ក្រឡាញ់ ពួក ប្រាសាទបាគង ស្រីស្នំ វ៉ារិន និងក្រុងសៀមរាប។

*រាជធានីភ្នំពេញ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ១៣ហិកតា នៅសង្កាត់កំពូល ដោយបច្ចុប្បន្នបានល្អប្រសើរឡើងវិញ ១០០%។

*ខេត្តកណ្តាល ប៉ះពាល់ដំណាំស្រូវចំនួន ១២១ហិកតា នៅស្រុកកណ្តាលស្ទឹង។

*ខេត្តត្បូងឃ្មុំ ប៉ះពាល់ដំណាំស្រូវចំនួន ៣០៥ហិកតា និងខូចខាត ២៥៥ហិកតា នៅស្រុកត្បូងឃ្មុំ។

*ខេត្តពោធិ៍សាត់ ប៉ះពាល់ដំណាំស្រូវចំនួន ៤១៤ហិកតា ស្ថិតនៅក្នុងស្រុកបាកាន។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ព្រមទាំងរៀបចំផែនការស្តារឡើងវិញនូវផ្ទៃដីកសិកម្មដែលទទួលរងការខូចខាត តាមរយៈការផ្តល់ពូជដំណាំ និងបច្ចេកទេសសមស្រប ជូនដល់ប្រជាកសិករឱ្យបានទាន់ពេលវេលា៕