FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា (Video inside)

17-10-2026 06:07

(តួកគីយ៉េ)៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសតួកគីយ៉េ បានជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ឈានដល់​ជំពូក​ថ្មីមួយទៀត។ ក្នុងដំណើរទស្សនកិច្ចកម្ពុជា និងតួកគីយ៉េ មិនត្រឹមប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ច​សហ​ប្រតិ​បត្តិ​ការផ្នែកនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែប្រទេសទាំងពីរបានឈានដល់ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការផ្នែកយោធាថែមទៀត។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងតួកគីយ៉េ បានឈានដល់ការចុះហត្ថលេខា​លើឯកសារ​កិច្ច​ព្រម​ព្រៀងក្នុងក្របខ័ណ្ឌយោធារវាងគ្នា។

ក្នុងសន្និសីទរួមគ្នា ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគី លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ បានចាត់​ទុក​កម្ពុជា ​​ជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី​យ៉ាងឆាប់​រហ័ស​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកប្រធានាធិបតី ក៏បានស្វាគមន៍ការចូលរួមរបស់កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិក​នៃក្រុមប្រឹក្សា​សន្តិ​ភាព​ហ្គាហ្សា ដោយសម្តែងក្តីសង្ឃឹមថា កម្ពុជា នឹងចូលរួមចំណែកក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ផ្អែកលើ​ដំណោះ​ស្រាយរដ្ឋពីរនៅប៉ាឡេស្ទីន។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការអប់រំ និងវប្បធម៌ ជាមួយ​ការ​ប្តេជ្ញា​ជំរុញការធ្វើពាណិជ្ជកម្មឱ្យ​សម្រេច​បានគោលដៅ ១ពាន់លានដុល្លារ ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសតួកគី។

លោកប្រធានាធិបតី ក៏បានស្វាគមន៍ចំណាប់អារម្មណ៍របស់កម្ពុជាលើផលិតផលការពារជាតិតួកគី ដោយ​គូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរតួនាទីរីកចម្រើនរបស់តួកគីក្នុងកិច្ចការអន្តរជាតិ និង​កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព រួមទាំងនៅមជ្ឈិមបូព៌ា។

សម្តេចមហាបវរធិបតី បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចជាជំពូកថ្មី​ក្នុងទំនាក់ទំនង​រវាង​ប្រទេសទាំង​ពីរ ដែលបានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការយៈពេលជាង​ប្រាំមួយទស​វត្សរ៍​មកហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍កិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា​ ដែលជាជំហាន​ដ៏សំខាន់​មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ ការការពារជាតិ និងសន្តិសុខ។

ចំពោះទំនាក់ទំនងសេដ្ឋកិច្ច សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីឱកាសដើម្បីពង្រីកពាណិជ្ជកម្ម ទាក់​ទាញ​ការវិនិយោគ និងកសាងភាពជាដៃគូជាមួយវិស័យឯកជនឱ្យកាន់តែរឹងមាំ។ សម្តេចបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយធុរកិច្ចតួកគីក្នុងនាមជាច្រកចូលទៅកាន់ទីផ្សារអាស៊ីកាន់តែទូលំទូលាយ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណប្រទេសតួកគីយ៉េ ចំពោះការរួមចំណែកដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ស្ត្រី និងគំនិតផ្តួច​ផ្តើម​គាំទ្រស្ត្រីខ្មែរឥស្លាម។

មេដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតាមរយៈអង្គការសហប្រជាជាតិ អាស៊ាន និងវេទិកាអន្តរជាតិផ្សេងទៀត។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ឋានៈរបស់តួកគីជាដៃគូសន្ទនារបស់អាស៊ាន និងបានអំពាវ​នាវឱ្យ​មានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំដើម្បីជំរុញសមាហរណកម្មក្នុងតំបន់ ការតភ្ជាប់ និងវិបុល​ភាព​រួម៕