FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅប្រទេសអាមេនី

16-10-2026 22:15

(អាមេនី)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៥ ដល់១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (UNCBD COP17) ដែលប្រព្រឹត្តទៅនៅទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី។

នៅក្នុងឱកាសនោះ បណ្ឌិត អ៊ាង សុផល្លែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក Hambardzum Matevosyan រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋអាមេនី និងជាប្រធានCOP17។

លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើបទអន្តរាគមន៍ និងថ្លែងសេចក្តីថ្លែងការណ៍តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការងារអភិរក្សធនធានធម្មជាតិ ការពារជីវៈចម្រុះ និងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព»។

សូមបញ្ជាក់ថា សន្និសីទរដ្ឋភាគី CBD COP17 ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប មកពីជុំវិញសកលលោកប្រមាណ២ម៉ឺននាក់ ដើម្បីរួមគ្នាពិភាក្សា និងវាយតម្លៃជាសកល អំពីវឌ្ឍនភាពនៃការអនុវត្ត «ក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរេអាល់» (Kunming-Montreal Global Biodiversity Framework - KMGBF) សំដៅជំរុញសកម្មភាពការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះរបស់ភពផែនដី។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាគ្រោងជួបពិភាក្សាការងារទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកការអភិរក្សជីវៈចម្រុះ ការទប់ស្កាត់ការបាត់បង់ជីវៈចម្រុះសំខាន់ៗ ការជំរុញយន្តការនៃការប្រើប្រាស់និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ ការស្តារព្រៃឈើ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕