ក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ប្រកាសលទ្ធផលប្រឡង «បាតដៃមាស» លើកទៅ២ ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្តកម្មករ និងជំរុញវិស័យកសិ-ឧស្សាហកម្ម
16-10-2026 21:52
(ព្រះវិហារ)៖ ក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំ «ពិធីប្រកាសលទ្ធផល នៃការប្រឡងបាតដៃមាស ប្រមូលផលជ័រកៅស៊ូលើកទី២ ឆ្នាំ២០២៦» ក្រោមអធិបតីភាពលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬទ្ធី ក្រានីត (Cambodia), លោកស្រី ឡេង ដាវី នាយិកាប្រតិបត្តិក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ និយោជិតជាច្រើនរូប។
ក្នុងឱកាសនោះលោក គីម រិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ឫទ្ធីកៅស៊ូ-ព្រះវិហារ ព្រមទាំងវិនិយោគិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យកៅស៊ូក្នុងខេត្តព្រះវិហារ។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ការវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើតកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក គីម រិទ្ធី បានថ្លែងលើកឡើងថា៖សកម្មភាពនេះស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យអាទិភាពគន្លឹះក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ដែលជាខេត្តមួយមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេសគឺ ដំណាំឧស្សាហកម្ម (ដូចជា កៅស៊ូ ស្វាយចន្ទី ស្រូវ ដំឡូងមី ទុរេន...) និងដំណាំហូបផ្លែ ការ ចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានដាក់ចេញនូវ ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុង ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យក្លាយជាកម្លាំងចលករ ជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈ៖
*ការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ជំនាញ និងវិស័យឯកជន ក្នុងការគាំទ្រដល់ការវិនិយោគលើខ្សែ ច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម។
*ការលើកទឹកចិត្តដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវកម្លាំង ពលកម្មមានជំនាញច្បាស់លាស់ ស្របតាមស្តង់ដារបច្ចេកទេស។
*ការជំរុញការតភ្ជាប់ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ រួមទាំងការបង្កើត និងពង្រីកសហគ្រាសធុនតូច និងមធ្យម (SMEs) បន្ថែមទៀត ដើម្បីបម្រើឱ្យសេដ្ឋកិច្ចមូលដ្ឋាន។
*ជំរុញការចងក្រង និងគាំទ្រសហគមន៍កសិកម្មនៅទូទាំងខេត្ត ក្នុងការផលិត និងស្វែងការទីផ្សារ។
*រៀបចំគម្រោងកសិកម្មទំនើប និងចម្រុះ នៅភូមិតាកឹងបៃតង (គាំទ្រដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម)។
លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរចំពោះការរៀបចំការប្រឡង «បាតដៃមាស» ដែលបង្ហាញពីការយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកទឹកចិត្តដល់ស្នាដៃពិតប្រាកដរបស់កម្មករនិយោជិត ព្រមទាំងបានអំពាវនាវឱ្យក្រុមហ៊ុនបន្តវិនិយោគ និងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះជារៀងរាល់ឆ្នាំ៕























