FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តស្វាយរមៀត ប្រគល់គ្រឿងឧបភោគបរិភោគ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីទុកចែកជូនពលរដ្ឋជួបការខ្វះខាត

16-10-2026 21:43

(សៀមរាប)៖ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហានិទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតដោយសារគ្រោះធម្មជាតិផ្សេងៗ។

ព្រះសច្ចានុបាល មានថេរដីកាថា ការប្រគល់អំណោយនេះ គឺជាការបង្ហាញពីព្រះទ័យសប្បុរសធម៌ និងការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងការជួយដល់សង្គម ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ និងអ្នកដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះអាសន្នផ្សេងៗ។ អំណោយដែលប្រគល់ជូន រួមមាន៖ អង្ករ ២តោន, ទឹកបរិសុទ្ធ ១០០ កេស, មី ៥០កេស, ទឹកត្រី៣០ យួរ, ទឹកស៊ីអ៊ីវ ៣០យួរ, ត្រីខ ២០យួរ និងបច្ច័យ ៤លានរៀល។

ព្រះសច្ចានុបាល នឿម វុទ្ធី មានថេរដីកាបន្ថែមថា ការចែករំលែក និងការជួយគ្នាទៅវិញទៅមក គឺជាគុណធម៌ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទគ្រប់រូបគួរប្រកាន់ខ្ជាប់ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ការជួយអ្នកដែលកំពុងជួបការលំបាក មិនថាជំនួយតិចឬច្រើននោះទេ គឺសុទ្ធតែមានតម្លៃ និងអាចជួយសម្រាលបន្ទុកជីវភាពរបស់ពួកគាត់បានមួយកម្រិត។

លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍ថា អំណោយដែលទទួលបានពីព្រះសង្ឃនាពេលនេះ គឺជាកម្លាំងគាំទ្រដ៏មានសារៈសំខាន់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យទទួលបានការយកចិត្តទុកដាក់ និងការជួយសម្រាលការលំបាកទាន់ពេលវេលា។ សកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ព្រះពុទ្ធសាសនា និងសប្បុរសជន ក្នុងការកសាងសង្គមមួយ ដែលពោរពេញដោយសេចក្តីស្រឡាញ់ ក្តីមេត្តា ការចែករំលែក និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក។

ព្រះធម្មានុរ័ក្ខញាណ ស៊ុំម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប មានថេរដីកាថា «ក្នុងនាមជាអ្នកបួសក្នុងព្រះពុទ្ធសាសនា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តា ករុណា និងការចែករំលែក»។ នៅពេលឃើញប្រជាពលរដ្ឋកំពុងជួបការលំបាក យើងមានសេចក្តីអាណិតអាសូរ និងចង់ចូលរួមចំណែកជួយតាមលទ្ធភាពដែលយើងមាន។

ព្រះអង្គសង្ឃឹមថា គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវបានបន្តយកទៅជួយដល់ប្រជាពលរដ្ឋដែលពិតជាមានតម្រូវការ ជាពិសេស គ្រួសារក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ»។ ព្រះអង្គ ក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមលទ្ធ ភាពនិងសទ្ធាជៈថ្លារៀងៗខ្លួន ដើម្បីរួមគ្នាជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គម៕