អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!
16-10-2026 21:36
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង ០៦៖៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែង ក្នុងខណ្ឌកំបូល កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយលួចយកកាបូបរបស់មន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខ បណ្ដាលឲ្យបាត់ស្លាកលេខរថយន្ត និងឯកសារពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ រួមមាន៖ ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ និងឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួនផងដែរ។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង ០៤នាក់ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ លើសពីនេះ ឈ្មោះ ស វេហា ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងរួចមកហើយ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។






