ទេសរដ្ឋមន្រ្តី ថោង ខុន ជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៩នាក់ នៅស្រុកតាំងគោក
16-10-2026 21:32
(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សជ័យលាភីប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន ០៩នាក់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ នាសម័យប្រលងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះក៏មានការចូលរួមពីលោក ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, ប្រធាន អនុប្រធានការិយាល័យអប់រំស្រុកតាំងគោក, នាយកវិទ្យាល័យហ៊ុន សែន តាំងគោក, វិទ្យាល័យ ហ៊ុន សែន ស្រះបន្ទាយ និងវិទ្យាល័យទ្រៀល, សិស្សនិទ្ទេស A និងមានមាតាបិតាសិស្សនិទ្ទេស A ជាច្រើនរូបចូលរួម។
លោកបណ្ឌិត ថោង ខុន បានពាំនាំនូវការសួរសុខទុក្ខ និងអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សិស្សនិទ្ទេស A ដែលសម្តេចបវរធិបតីនឹងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៣០២២នាក់ នៅរាជធានីភ្នំពេញ នាថ្ងៃខាងមុខនេះ។
លោកបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស និងអាណាព្យាព្យាបាល ត្រូវដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងដឹងគុណដល់រាជរដ្ឋាភិបាល នីកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវដឹងគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបង្រៀនដល់សិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អដូចពេលនេះ ក្នុងនោះឪពុកម្តាយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងបង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បីផ្តល់ឱកាសដល់ការសិក្សារៀនសូត្ររបស់កូន ដែលនេះគឺជាគុណូបការៈដ៏ធំធេង ដែលកូនគ្រប់រូប មិនអាចបំភ្លេចគុណលោកទាំងទ្វេបាននោះឡើយ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្ស ដែលលោកធ្លាប់ជាអតីតសិស្សក្រីក្រ និងបានខិតខំប្រឹងប្រែងរៀនសូត្រ ជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យក្នុងការសិក្សា និងការងារមកដល់បច្ចុប្បន្ននេះ។
លោក ថោង ខុន ក៏បានផ្តាំផ្ញើឱ្យសិស្សនិទ្ទេស A ត្រូវសិក្សារៀនសូត្រពេញមួយជីវិត (Life-Long Learning)។ ដំណើរសិក្សារៀនសូត្រមិនទាន់បញ្ចប់ត្រឹមនេះទេ គឺត្រូវបន្តការសិក្សាទៅដល់ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតទៀត។ ត្រូវចាប់យកជំនាញសិក្សាណាដែលខ្លួនស្រលាញ់ ចូលចិត្ត និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជាប់ជាប្រចាំទាំងនៅក្នុងថ្នាក់រៀន ក្រៅថ្នាក់រៀន ក្នុងគ្រួសារ និងសង្គម ព្រមទាំងបន្តអភិវឌ្ឍខ្លួនឲ្យទាន់និន្នាការតំបន់ និងពិភពលោក ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ (Technology & Innovation)។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យសិស្សនិទ្ទេស A ត្រូវមានភាពជឿជាក់ ទុកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃតាមយន្តការចរចារដោយសន្តិវិធី និងការអនុវត្តច្បាប់អន្តរជាតិ ព្រមទាំងការរួមកម្លាំងមហាសាមគ្គីគ្នាជាធ្លុងមួយក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងកសាងសេដ្ឋកិច្ច សង្គម ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរុងរឿងថែមទៀត។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សនិទ្ទេស A លោកបណ្ឌិត រួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងសប្បុរសជន បានឧបត្ថម្ភដល់សិស្សទាំង ០៩នាក់ ដោយ០១នាក់ ទទួលបាន Laptop ០១គ្រឿង និងថវិកា ៤០មុឺនរៀល៕


































