FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

16-10-2026 21:30

(ហូជីមិញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក វូ ជុងគៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៧។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការធ្វើល្បាតរួម ការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន ព្រមទាំងការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។

ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តសហការ និងគាំទ្រដល់ស្ថាប័នមានសមត្ថកិច្ចក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដោយអនុវត្តស្របតាមឯកសារគតិយុត្តដែលមានរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ជឿទុកចិត្ត និងយោគយល់គ្នា ដោយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាព្រំដែនកម្ពុជា-វៀតណាម ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។