FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

16-10-2026 21:25

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងរបស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យ (Oversight Committee “OC”) ក្នុងក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធី CCFF។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF រួមទាំងសមិទ្ធផលសម្រេចបាន ពិភាក្សា និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រលើអាទិភាពការងារ និងទិសដៅអនុវត្តបន្ត ដើម្បីធានាប្រសិទ្ធភាព និងការសម្រេចបាននូវគោលដៅរបស់កម្មវិធី។

លើសពីនេះ កិច្ចប្រជុំក៏បានពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុរបស់កម្ពុជា ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)៕