លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទស្សនាទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗ នៅទីក្រុងអ៊ីស្ថានប៊ុល
16-10-2026 20:07
(អ៊ីស្ថានប៊ុល, តួកគីយ៉េ)៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបំពេញការងារនៅតួកគីយ៉េ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងវិមាន Dolmabahce ដែលជាអតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ ស្ថិតនៅតាមច្រកសមុទ្រ Bosphorus ក្នុងទីក្រុងអ៊ីស្ថានប៊ុល ប្រទេសតួកគីយ៉េ។
ព្រះវិហារឥស្លាម Hagia Sophia គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយ ដែលដើមឡើយត្រូវបានសាងសង់ឡើងជាវិហារគ្រិស្តសាសនាអូស្សូដក់នៅសតវត្សរ៍ទី៦ មុនពេលត្រូវបានប្តូរទៅជាវិហារឥស្លាម និងក្រោយមកជាសារមន្ទីរ រហូតដល់បច្ចុប្បន្នបានក្លាយជាព្រះវិហារឥស្លាមឡើងវិញ។ វាជាទីតាំងដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ និងស្មុគស្មាញនៃទីក្រុងអ៊ីស្ថានប៊ុល។
ចំណែកឯវិមាន Dolmabahce វិញ ត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ជាព្រះបរមរាជវាំងដ៏ប្រណិត ដែលបង្ហាញពីភាពរុងរឿងចុងក្រោយនៃចក្រភពអូតូម៉ង់ ជាមួយនឹងស្ថាបត្យកម្មបែបអឺរ៉ុបដ៏ស្រស់ស្អាត។
លោកជំទាវបណ្ឌិត បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះទីតាំងប្រវត្តិសាស្ត្រដ៏ល្បាញល្បីទាំងពីរនេះ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកជំទាវបណ្ឌិត ចំពោះបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់តួកគីយ៉េ៕



























