ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ក្រុងអរិយក្សត្រ-កោះនរា ក្រោមចក្ខុវិស័យសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានចុះកិច្ចសន្យាសាងសង់ជាផ្លូវការ និងត្រៀមបើកការដ្ឋានសាងសង់ដើមឆ្នាំ២០២៧
16-10-2026 19:50
(ភ្នំពេញ)៖ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក (TPMG)នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានចុះកិច្ចសន្យាសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលនឹងតភ្ជាប់តំបន់អភិវឌ្ឍន៍ មេគង្គ ឃី(Mekong Quay)នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាមួយតំបន់កោះនរាដើម្បីពង្រឹងការតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍ទាំងពីរ និងបម្រើផលប្រយោជន៍សាធារណៈ។។
ពិធីចុះកិច្ចសន្យាសាងសង់រវាង ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ (TPMG) ជាមួយក្រុមហ៊ុន Zhejiang Huaxin និងក្រុមហ៊ុនត្រួតពិនិត្យសំណង់ Zhejiang Design Institute បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក ឃុន សេងផេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TPMG) បានថ្លែងថា ស្ពានតភ្ជាប់ មេគង្គឃី-កោះនរា មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឆ្លងកាត់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃជំហានដ៏សំខាន់ ក្នុងដំណើរអភិវឌ្ឍទីក្រុង និងជំរុញសេដ្ឋកិច្ចរបស់កម្ពុជា។ ការតភ្ជាប់ដោយផ្ទាល់រវាងគម្រោង មេគង្គឃី នៅអរិយក្សត្រ ខេត្តកណ្តាល និងទីក្រុងកោះនរា រាជធានីភ្នំពេញ នឹងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ ជំរុញការវិនិយោគ ទេសចរណ៍ និងឱកាសការងារ ព្រមទាំងពង្រីកលទ្ធភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាអប់រំ សុខាភិបាល និងសេវាសាធារណៈ ព្រមទាំងផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ លោកជឿជាក់ថាភាពជោគជ័យពិតប្រាកដនៃការវិនិយោគ មិនមែនវាស់វែងត្រឹមតែផលចំណេញរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែវាស់វែងតាមរយៈតម្លៃ និងផលប្រយោជន៍ដែលបានបង្កើតជូនប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ចជាតិ។
បើតាមលោក ឃុន សេងផេង គម្រោងនេះមានដើមកំណើតចេញពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ មេគង្គ ឃី។ បន្ទាប់ពីទទួលបានអនុសាសន៍នេះ ក្រុមហ៊ុនបានដាក់សំណើរជូនរាជរដ្ឋាភិបាល ហើយទទួលបានការអនុញ្ញាតឱ្យធ្វើការសិក្សា និងអនុវត្តគម្រោងនេះ ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាស្ថាប័នដឹកនាំសម្របសម្រួល។ ការសិក្សាសំខាន់ៗ និងការវាយតម្លៃពាក់ព័ន្ធត្រូវបានអនុវត្តជាបន្តបន្ទាប់ រហូតទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មេគង្គឃី-កោះនរា រហូតឈានដល់ការចុះហត្ថលេខានៅថ្ងៃនេះ។
លោកបន្តថា ស្ពាននេះមានគោលដៅតភ្ជាប់តំបន់ខាងលិច និងប៉ែកខាងកើតនៃរាជធានីភ្នំពេញ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែមានភាពប្រទាក់ក្រឡា។ លោក រដ្ឋមន្ត្រីបានជំរុញការសាងសង់ ត្រូវផ្តោតទៅលើការធានាសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តតាមលក្ខខណ្ឌបច្ចេកទេស ក៏ដូចជាការជំរុញការអភិវឌ្ឍសមត្ថភាពវិស្វករកម្ពុជា តាមរយៈការចែករំលែកចំណេះដឹងពីវិស្វករអន្តរជាតិ។ គម្រោងនេះនឹងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់គាំទ្រចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០។
បន្ទាប់ពីការចុះកិច្ចសន្យានេះ ក្រុមការងារនឹងបន្តការរៀបចំការដ្ឋាន និងការងារបច្ចេកទេសចាំបាច់នានា ដើម្បីត្រៀមឈានទៅកាន់ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ដែលគ្រោងនឹងធ្វើឡើងនៅដើម ឆ្នាំ២០២៧។ តាមរយៈកិច្ចសហការរបស់គ្រប់ភាគី គម្រោងនេះនឹងត្រូវបានសាងសង់ដោយផ្តោតលើ គុណភាព សុវត្ថិភាព សោភ័ណភាព ស្តង់ដារអន្តរជាតិ និងការគោរពតាមកាលវិភាគ ដែលបានកំណត់។
ជាមួយគ្នានេះលោក ឃុន សេងផេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហការ។ បន្ថែមពីនេះ លោកបានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះ ក្រុមហ៊ុន OCIC និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលបានចូលរួមបដិភាគដីសម្រាប់ពង្រីកផ្លូវដែលមានស្រាប់នៅទីក្រុងនរា។ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ (TPMG) នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ ដៃគូសាងសង់ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ និងក្លាយជាសមិទ្ធផលមួយដែលអាចបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង៕

















