កម្ពុជាអបអរទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ តាមរយៈការលើកស្ទួយកសិករជាស្ត្រី និងនវានុវត្តន៍វិស័យកសិកម្ម
16-10-2026 18:15
(រតនគិរី)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមវត្តមានអ្នកចូលរួមអញ្ជើញមកពីតាមបណ្ដាស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ជនជាតិដើមភាគតិច និងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករក្នុងគោលបំណងចូលរួមអបអរ និងទទួលស្គាល់ពីគុណតម្លៃរបស់កសិករជាស្ត្រី ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិសុខស្បៀងឱ្យកាន់តែមាននិរន្តរភាពសម្រាប់ពេលអនាគត។
ទិវាដ៏មានអត្ថន័យនេះប្រព្រឹត្តទៅក្រោមប្រធានបទជាសកល «នវានុវត្តន៍ថ្ងៃនេះ ដើម្បីជីវភាពកាន់តែប្រសើរនៅថ្ងៃអនាគត» ដែលត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយនឹងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ទិវាស្បៀងអាហារពិភពលោកនាឆ្នាំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងវត្តមាន
រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា រួមជាមួយនឹងលោក ហ៊្វូមិស៊ូគូ តូស៊ូ នាយករងប្រចាំប្រទេស និងជាប្រធានកម្មវិធី និងតំណាងឱ្យនាយិកាកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា រួមទាំងវត្តមានអញ្ជើញចូលរួមរបស់មន្ត្រីអ្នកមុខអ្នកការនៃរដ្ឋបាលខេត្តរតនគិរីផងដែរ។
ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ សរបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃការរួមបញ្ចូលបច្ចេកវិទ្យាទាន់សម័យ ក៏ដូចជាទំនើបកម្មផ្នែកវិទ្យាសាស្ត្រថ្មីៗ អមជាមួយចំណេះដឹងបែបប្រពៃណី ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធស្បៀងកសិកម្មឱ្យកាន់តែមានភាពធន់។
នៅទូទាំងសកលលោក មនុស្សចំនួន ៦៤៥លាននាក់ ប្រឈមនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២៥ ហើយប្រជាជនប្រមាណមួយភាគបីនៃចំនួនប្រជាជនពិភពលោកមិនមានលទ្ធភាពទិញអាហារប្រកបដោយសុខភាពយកមកទទួលទាននោះឡើយ ដែលស្ថានភាពនេះបានបង្ហាញពីភាពចាំបាច់ ដោយធានាថាមនុស្សគ្រប់រូបអាចទទួលបាន និងប្រើប្រាស់នវានុវត្តន៍ទាំងនោះក្នុងវិស័យកសិកម្មប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យ។
នៅប្រទេសកម្ពុជា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ ក៏ដូចជា អនុវិស័យជលផលប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទឱ្យកាន់តែប្រសើរ។
តាមរយៈគម្រោងការបន្សុំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) កូនក្តាមសេះចំនួន ១,៣៦លានក្បាលត្រូវបានលែងចូលក្នុងដែនទឹកសមុទ្រខេត្តកំពតក្នុងឆ្នាំ២០២៦ ដើម្បីគាំទ្រដល់ការស្តារធនធានជលផលសមុទ្រឡើងវិញ។
ជាមួយគ្នានេះ គម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)ក៏បានចែកគ្រាប់ពូជស្រូវដែលមានគុណភាពជាង ១៨,៧០០គីឡូក្រាម ដែលការណ៍នេះជួយផលិតគ្រាប់ពូជស្រូវបានជាង ៥១៩តោន និងបង្កើតប្រាក់ចំណូលសុទ្ធប្រមាណ ១២៥,០០០ដុល្លារអាមេរិក ដល់កសិករខ្នាតតូច។
ចំណែកឯគម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប (គម្រោងគជ់ ឬគម្រោង PEARL) ក៏កំពុងជួយគាំទ្រកសិករតាមរយៈការធ្វើកសិកម្មដែលធន់នឹងអាកាសធាតុ និងការបង្កើនឱកាសទទួលបានទីផ្សារកាន់តែប្រសើរផងដែរ។
គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ គឺដើម្បីប្រគល់ពានរង្វាន់ជូនស្ត្រីឆ្នើមចំនួន ១០រូប សម្រាប់កិច្ចខិតខំរួមចំណែករបស់ពួកគាត់ក្នុងវិស័យកសិកម្ម និងការងារអភិវឌ្ឍជនបទ។ ការផ្តល់ពានរង្វាន់នេះក៏ជាផ្នែកមួយនៃការអបអរឆ្នាំអន្តរជាតិសម្រាប់កសិករជាស្ត្រី ឆ្នាំ២០២៦ ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ស្ត្រី ក្នុងដំណើរការផលិតស្បៀងអាហារការដឹកនាំសហគមន៍ និងការអភិវឌ្ឍកសិកម្មប្រកបដោយ
ចីរភាព។
ស្ថិតក្នុងបរិយាកាសនៃការអបអរទិវានេះ ក៏មានការសម្ដែងរបាំវប្បធម៌ជនជាតិដើមភាគតិច ការបង្ហាញពីការចម្អិនម្ហូបអាហារតាមបែបប្រពៃណី ពិព័រណ៍កសិកម្ម ការចែកកូនឈើ និងពូជបន្លែដល់ប្រជាកសិករ ព្រមទាំងពិធីដាំដើមឈើជានិមិត្តរូបផងដែរ។
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះប្រព្រឹត្តទៅមុនពេលនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីស្ថាប័នរដ្ឋ ប្រជាកសិករ ធុរកិច្ចជន
និងវិនិយោគិន ក្នុងគោលដៅជំរុញការវិនិយោគលើវិស័យកសិកម្មបង្កើនកិច្ចសហប្រតិបត្តិការ
និងនវានុវត្តន៍កាន់តែប្រសើរក្នុងវិស័យមួយនេះ។
ទិវាស្បៀងអាហារពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៦ ខែតុលា ដើម្បីរំឭកដល់ការបង្កើតអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីឆ្នាំ១៩៤៥ ព្រមទាំងជាឱកាស ដើម្បីអំពាវនាវឱ្យមានការដាក់ចេញជាសកម្មភាពរួមគ្នា ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតកាន់តែប្រសើរ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕
























