កម្ពុជាបើកសមយុទ្ធឆ្លើយតបនឹងជំងឺអេបូឡា ដើម្បីត្រៀមបម្រុងការពារសុវត្ថិភាពមុនកិច្ចប្រជុំហ្វ្រង់កូហ្វូនី ខែវិច្ឆិកាខាងមុខ (Video inside)
16-10-2026 17:24
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានរៀបចំសមយុទ្ធឆ្លើយតបនឹងជំងឺអេបូឡា ស្របពេលដែលជំងឺនេះកំពុងផ្ទុះរាលដាលយ៉ាងខ្លាំងនៅតំបន់ប៉ែកអាហ្វ្រិក។ ការរៀបចំសមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងបង្ការការឆ្លងរាលដាល ជាពិសេសក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីនាខែវិច្ឆិកាខាងមុខ ដែលនឹងមានប្រតិភូពីបណ្ដាប្រទេសប៉ែកអាហ្វ្រិកអញ្ជើញចូលរួមផងដែរ។
យោងតាមបច្ចុប្បន្នភាពគិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ការផ្ទុះឡើងជាថ្មីនៃជំងឺអេបូឡានៅប្រទេសកុងហ្គោ បានបណ្ដាលឱ្យមានអ្នកឆ្លងសរុប ៩,១៥៥នាក់ និងស្លាប់ចំនួន ៤,៤១០នាក់ ស្មើនឹងអត្រាប្រមាណ ៤៨ភាគរយ។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក បានប្រកាសដាក់ប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា ស្ថិតក្នុងស្ថានភាពអាសន្នសុខភាពជាអន្តរជាតិ ដោយចាត់ទុកការផ្ទុះឡើងនេះជាគ្រោះអាសន្នសុខភាពសាធារណៈដ៏គួរឱ្យព្រួយបារម្ភ និងជាការរាតត្បាតជំងឺអេបូឡាធំទីពីរក្នុងប្រវត្តិសាស្ត្រពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។ ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹងអំពីវិធានការការពារខ្លួន និងត្រៀមរួចជាស្រេចនូវវិធានការឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើង។
ចំណេះដឹងទូទៅអំពីជំងឺអេបូឡា៖
*ការឆ្លង៖ ជំងឺអេបូឡា ជាជំងឺឆ្លងកាចសាហាវបង្កឡើងដោយវីរុសអេបូឡា ដែលឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម អង្គធាតុរាវ ឬទឹកដមពីរាងកាយអ្នកជំងឺ ការប៉ះពាល់វត្ថុប្រឡាក់មេរោគ ឬការប៉ះពាល់សត្វព្រៃផ្ទុកមេរោគ។
*រោគសញ្ញា៖ គ្រុនក្តៅខ្លាំងភ្លាមៗ អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល រាគ ក្អួត និងអាចមានការធ្លាក់ឈាម។ ជំងឺនេះអាចផ្ដល់អត្រាខូចខាតអាយុជីវិតខ្ពស់រហូតដល់ ៨០ទៅ៩០ភាគរយ ប្រសិនបើខ្វះការព្យាបាលទាន់ពេលវេលា។
*ការការពារ៖ វីរុសនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន មានការប្រើប្រាស់វ៉ាក់សាំងបង្ការក្នុងតំបន់ផ្ទុះរាលដាល ឬក្រុមហានិភ័យខ្ពស់ ប៉ុន្តែពិបាករកឱសថព្យាបាលជាក់លាក់ដែលអាចសម្លាប់វីរុសបានទាំងស្រុងនោះទេ៕











