សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា (Video inside)
16-10-2026 17:21
(តួកគី)៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» ដ៏មានសក្ដានុពលរបស់កម្ពុជា ត្រូវបានលើកបង្ហាញទៅកាន់ធុរជនតួកគី អំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្ដុភារកម្មនៅកម្ពុជា ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-តួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។
តាមរយៈគម្រោង «ព្រែកជីកហ្វូណនតេជោ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ខណៈកម្ពុជាមានទីតាំងនៅចំកណ្តាលអាស៊ាន ហើយផ្ដល់នូវបណ្ដាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់។ មានទីតាំងនៅចំកណ្តាលអាស៊ាន កម្ពុជាផ្ដល់នូវបណ្ដាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។ គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជាព្រែកជីកហ្វូណនតេជោ នឹងបន្ថយថ្លៃដើមភស្តុភារបន្ថែមទៀត ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មមានប្រសិទ្ធភាព នេះជាអាទិភាពធំរបស់យើង។ យើងក៏បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលចាំបាច់ដូចជា ប្រព័ន្ធផ្លូវដេក និងកំពង់ផែជាដើម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន»។
ក្រៅពីគម្រោងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ដ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីកម្លាំងពលកម្មដ៏ស្វាហាប់ និងវ័យក្មេងរបស់កម្ពុជាផងដែរ ដែលប្រមាណ៦០% នៃប្រជាជនកម្ពុជាមានអាយុក្រោម៣៥ឆ្នាំ។ កម្លាំងពលកម្មរបស់កម្ពុជាមានវ័យក្មេង ពោរពេញដោយថាមពល អាចសម្របខ្លួនបាន ពូកែបច្ចេកវិទ្យា និងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការឧស្សាហកម្មទំនើប។
បន្ថែមពីនេះ បរិយាកាសធុរកិច្ចអំណោយផល និងងាយស្រួលសម្រាប់វិនិយោគិន ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ រួមទាំងការលើកលែងពន្ធរហូតដល់១២ឆ្នាំ និងអនុញ្ញាតឲ្យមានកម្មសិទ្ធិបរទេស ១០០% ជាមួយនឹងការបញ្ជូនប្រាក់ចំណេញ និងដើមទុនត្រឡប់ទៅប្រទេសវិញពេញលេញ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បម្រើជាច្រកតែមួយសម្រាប់ពាក្យសុំវិនិយោគដើម្បីសម្រួលនីតិវិធីការិយាធិបតេយ្យ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការគាំទ្រពីរដ្ឋាភិបាលដោយយកចិត្តទុកដាក់ និងសេវាកម្មថែទាំក្រោយការវិនិយោគ។ ក្នុងនោះ ផ្ដល់អាទិភាពដល់ភាពជោគជ័យជាបន្តបន្ទាប់របស់វិនិយោគិន តាមរយៈសេវាកម្មថែទាំក្រោយការវិនិយោគដ៏រឹងមាំដែលផ្ដល់ដោយ CDC និងយន្តការកិច្ចសន្ទនាជាប្រចាំ រួមទាំងវេទិការដ្ឋាភិបាល-ឯកជនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា។
សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានគោលបំណងតភ្ជាប់ទន្លេមេគង្គទៅកាន់សមុទ្រតាមរយៈព្រែក និងទន្លេធម្មជាតិ។ គម្រោងនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក៕



























