FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជន និងសកម្មជន៧៩នាក់ របស់គណបក្សភ្លើងទៀន នៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

16-10-2026 15:57

(កណ្តាល)៖ បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៧៩នាក់ ជាសមាជិកគណបក្សភ្លើងទៀនមកពីសំរោងធំ ស្រុកកៀនស្វាយចំនួន ៤៣នាក់ នៃឃុំស្វាយប្រទាល ស្រុកស្អាង ចំនួន៣៦នាក់ មកពីគណបក្សភ្លើងទៀន នាក់បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត, លោក លី ស៊ីផាន់ ប្រធាន និងលោក ហុក រិទ្ធ អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនដែលបានចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។

លោកបណ្ឌិត ឃួន សុវណ្ណ បានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ថា លោក យូ សិរីវុឌ្ឃ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត និងលោកបណ្ឌិត ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត បានផ្ដល់ភាពកក់ក្តៅ ដល់បេក្ខជនសកម្មជនរបស់ គណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្រោយមានការសម្រេចចិត្តរប​ស់បងប្អូនសកម្មជនទាំង៧៩នាក់, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និងក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល ដោយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅស្រុកស្អាង និងស្រុកកៀនស្វាយ។

បងប្អូនទាំង៧៩នាក់ បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕