ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
16-10-2026 15:16
(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីទីក្រុងរណបកោះនរា ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាចក្ខុវិសស័យ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ភាគខាងកើតដងទន្លេមេគង្គ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៧ ឆាប់ៗនេះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងនៅ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណបកោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។
តំណាងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយគ្រឿងចក្រ និងសម្ភារៈបច្ចេកទេស ព្រំទាំងរៀបចំការងារការដ្ឋានឱ្យបានរួចរាល់ ដើម្បីឈានទៅកាន់ពិធីបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៧ ខាងមុខផងដែរ។
ថ្លែងនាឱកាសនោះដែរលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-ទីក្រុងរណបមេគង្គឃី គឺជាគំនិតផ្តួចផ្តើម និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីតភ្ជាប់តំបន់ខាងលិច និងប៉ែកខាងកើតនៃរាជធានីភ្នំពេញ ក្នុងគោលដៅអភិវឌ្ឍន៍ និងពង្រឹងអត្ថប្រតយោជន៍សេដ្ឋកិច្ច និងកាត់បន្ថយការកកស្ទះចររាចរណ៍នៅក្នុងទីក្រុងភ្នំពេញផងដែរ។
ជាមួយនឹងការចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-ទីក្រុងរណបមេគង្គឃី លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានណែនាំក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចជា៖ ត្រូវផ្តល់អតិភាពខ្ពស់លើសុវត្ថិភាពក្នុងការសាងសង់, ត្រូវធានាគុណភាពសំណង់ និងអនុវត្តន័តាមប្លង់ និងលក្ខខណ្ឌបច្ចេកទេសដែលបានអនុម័ត, ត្រូវជំរុញល្បឿននៃការសាងសង់ឱ្យដើរទទឹមគ្នាជាមួយការរក្សាគុណភាព និងសុវត្ថិភាព, ត្រូវអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈ និងត្រូវមានវិស្វករជំនាញប្រចាំការដ្ឋានផងដែរ។
គួរជម្រាបដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី ដ៏មានសំខាន់នេះ ត្រូវបានណែនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ដែលគោលបំណងចម្បង គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតដងទន្លេមេគង្គផងដែរ៕







