សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យសពលោក ខៀវ មុត សមាជិកព្រឹទ្ធសភា
16-10-2026 15:13
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី បានអញ្ជើញចូលរួមរំលែកមរណទុក្ខក្នុងពិធីបុណ្យសពលោក ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោក ខៀវ មុត គឺជាការបាត់បង់ប្រកបដោយក្តីសោកស្តាយជាទីបំផុតនូវឧត្តមស្វាមី លោកឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងបុព្វហេតុ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងស្ថាប័នព្រឹទ្ធសភានាពេលកន្លងមក សម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់។ ទោះបីជារូបកាយរបស់ លោក បានបាត់បង់ទៅហើយក្តី ប៉ុន្តែស្នាដៃ គំរូវីរភាព និងភាពស្មោះស្ម័គ្រក្នុង ការបម្រើជាតិមាតុភូមិរបស់ លោកនឹងចងចាំជានិច្ចនិរន្តរ៍។
ក្នុងឱកាសនៃសមានទុក្ខដ៏សែនក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត លោកអភិបាលខេត្តស្វាយរៀង និងលោកស្រីបានចូលរួមរំលែកទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យជាមួយ លោកស្រី ថូ លន ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ខៀវ មុត សូមបានចាប់ បដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕














