FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកប្រតិបត្តិការបង្ក្រាបបទល្មើសចោរកម្ម ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀននៅស្រុករលាប្អៀរ ដោយចាប់ជនសង្ស័យ១១នាក់

16-10-2026 15:09

(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្ត​ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ករណីលួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន ដែលករណីនេះបានធ្វើឡើងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែតុលា ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ថាមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក សេង វិច្ឆកា មេបញ្ជាការស្ដីទី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស្រ៉ីម ស៊ាងភាជ តំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើនេះជាបន្ទាន់។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា កម្លំាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្រុករលារប្អៀរ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបបទល្មើសទាំងនេះ ស្ថិតនៅចំណុចផ្ទះឈ្មោះ គង់ រាម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

បន្ទាប់ពីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងល្អិតល្អន់ កម្លាំងអាវុធហត្ថរបស់លោក បានឈានដល់ការឃាត់ខ្លួនជន សង្ស័យដែលពាក់ព័ន្ធបទល្មើសទាំងអស់ខាងលើនេះបានចំនួន១១នាក់ ក្នុងនោះបានដកហូតសម្ភារដែលជាវត្ថុតាងជាច្រើនរួមមាន៖

*ទី១៖ ម៉ូតូចំនួន ៧គ្រឿង
*ទី២៖ ទូរសព្ទដៃចំនួន២០គ្រឿង
*ទី៣៖ គ្រាប់កាំភ្លើងខ្លីម៉ាក K54-K59 ចំនួន២គ្រាប់ និងសម្ភារសម្រាប់ធ្វើសកម្មភាពបទល្មើសមួយចំនួនទៀតផងដែរ។

បន្ទាប់ពីការិយាល័យជំនាញបានធ្វើការសាកសួរ និងស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងអស់ខាងលើនេះ ក្នុងនោះមានជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស, ៣នាក់ជាប់ពាក់ព័ន្ធផលចោរកម្ម និង៦នាក់ទៀតជាប់ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមនិងវត្ថុតាម ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអ យ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្ត និងជាកាតព្វកិច្ចរបស់កងរាជអាវុធហត្ថគ្រប់រូប។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការណែនាំពីលោកអភិបាលខេត្តកំពង់ឆ្នាំង កម្លាំងអាវុធហត្ថ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខសាធារណៈ ដោយបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការសហការជាមួយកងកម្លាំងពាក់ព័ន្ធ ពិសេសសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ក្នុងការបន្តពង្រឹង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីការពារសុវត្ថិភាព និងរក្សាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត៕