ខេត្តស្វាយរៀង បន្តសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ
16-10-2026 15:05
(ស្វាយរៀង)៖ ខេត្តស្វាយរៀងបានបន្តសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងវិស័យរៀបចំដែនដី ដោយបានប្រកាសជាខេត្តទី៥ ដែលបានបញ្ចប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៦នេះ។ នេះជាការបន្តជោគជ័យបន្ទាប់ពីខេត្តនេះត្រូវបានប្រកាសជាខេត្តទី២ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធកាលពីឆ្នាំ២០២៥។
សមិទ្ធផលដ៏សំខាន់នេះត្រូវបានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក សរ សុដានី អភិបាលរងខេត្ត។
លោក សរ សុដានី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ដែលបានបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ រហូតសម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រ និងប្រកបដោយមោទនភាពសម្រាប់ខេត្តស្វាយរៀង ក្នុងរយៈពេល១៨ឆ្នាំ នៃដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ។
លោក ឌុច វនទីតូ ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធបន្តផ្តល់សេវាឆាប់រហ័ស ងាយស្រួល និងមានតម្លាភាព ព្រមទាំងពង្រឹងសមត្ថភាព និងការសហការដើម្បីការអភិវឌ្ឍខេត្តប្រកបដោយចីរភាព៕

























